ពុំមានការប្រែប្រួលឡើយ កំពង់ផែពហុបំណងកំពត នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃព្រហស្បត្តិ៍ ទី ៦ ខែឧសភា ឆ្នាំ ២០២៤នេះ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅល្ងាចថ្ងៃទី ៣ ខែឧសភានេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពត បានរៀបចំផែនការត្រៀមការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីឲ្យពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត មានទីតាំងស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ក្នុងទំហំទឹកប្រាក់ ១៤០ លានដុល្លារ ដែលមានអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បើតាមក្រុមហ៊ុនកំពតផត ការសាងសង់កំពង់ផែនេះ ប្រើប្រាស់រយៈពេល ៥ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ២០១៩ ហើយបានបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅដើមឆ្នាំ ២០២៤នេះ នឹងបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែ ពីក្រសួងសាធារណការ និងដឹកជញ្ចូនរួចរាល់ហើយដែរ។
កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ក្នុងដំណាក់កាលទី ១នេះ រួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ (គម្រោងព្រែកជីកហ្វូណន)។
ក្នុងដំណាក់កាលទី ១នេះ កំពង់ផែពហុបំណងកំពត អាចឲ្យនាវាដឹកទំនិញចំណុះ ១០ ០០០តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០ ០០០TEU និងប្រមាណ ៦០០ ០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។
បន្ទាប់ពីដាក់ឲ្យដំណើរការ គេរំពឹងថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេសនឹងបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា វត្ថុធាតុដើម ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម