លោក នៅ ស៊ីនិត វិស្វករ និងជាអ្នកម៉ៅការសំណង់ល្បីឈ្មោះបានបង្ហាញទស្សនវិស័យថា ទៅថ្ងៃអនាគតលោកចង់ឃើញសំណង់អគារខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើមត្រូវបានប្រសូតឡើងក្រោមស្នាដៃស្ថាបត្យករខ្មែរ ដោយសារការគិតរបស់កូនខ្មែរក៏មិនចាញ់បរទេសទេ។ ជាការកត់សម្គាល់បែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីសំណង់អគារខ្ពស់ៗរីកស្គុះស្គាយនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ភាគច្រើនជាស្នាដៃរបស់បរទេស។
ថ្លែងប្រាប់គេហទំព័រ Million Times វិស្វករ នៅ ស៊ីនិត មានប្រសាសន៍ថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សំគាល់។ យើងអាចមើលឃើញសំណង់អគារខ្ពស់ៗ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម រីកស្គុះស្គាយទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកថា បើក្រឡេកមួយភ្លែតយើងអាចច្រឡំ នៅបរទេស តែតាមការពិតសំណង់អគារទាំងអស់នេះ ពិតជានៅកម្ពុជាប្រាកដមែន។យ៉ាងណាមិញសំណង់អគារដែលបានសង់រួច ភាគច្រើនត្រូវបានរចនាដោយស្ថាបត្យករបរទេស។ ទន្ទឹមនឹងនេះ លោកបានបង្ហាញទស្សនវិស័យថា «នៅពេលអនាគតខ្ញុំចង់ឃើញសំណង់អគារខ្ពស់ៗចេញប្លង់រចនានិងសាងសង់ឡើងវិស្វករខ្មែរ មានលក្ខណៈប្លែកជាងគេ»។
បើតាមលោក នៅ ស៊ីនិត សំណង់លំនៅឋានទាំងនៅទីក្រុង និងជនបទ លោកកត់សំគាល់ឃើញពីនិន្នាការនៃការអភិវឌ្ឍន៍ និងភាពរីកចម្រើនជាងមុនទាំងគុណភាព និងម៉ូតផ្ទះ។ ថ្លែងថា៖ «ក្តីសុបិនក៏ដូចជាគោលបំណងធំរបស់ខ្ញុំចង់ឃើញវិស័យសំណង់នៅកម្ពុជាមានភាពរីកចម្រើន ។ដើម្បីអាចឱ្យយើងបោះជំហានបានលឿនលុះត្រាមានធនធានមនុស្សពូកែៗ ដោយត្រូវមានជំនាញ និងឯកទេសច្បាស់លាស់។ នៅពេលយើងមានជំនាញច្បាស់លាស់ខ្ញុំយល់ថា ការគិតរបស់កូនខ្មែរ មិនចាញ់បរទេសនោះទេ»។
លោកនបន្តទៀថា «ពេលនេះអ្វីដែលខ្ញុំអាចធ្វើបានគឺការចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗត្រូវកសាងភាពជាគំរូ ដោយផ្ដល់ជូនលំនៅឋានមួយប្រកបដោយគុណភាព និងសោភ័ណភាពទៅកាន់អតិថិជន»៕
អត្ថបទ៖ នារតី រូបភាព៖ ផ្តល់ឲ្យ