តម្រុយសាងសង់ផ្លូវនិងស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ឆ្នាំងទៅកំពង់ធំតម្លៃ ២៥០លានដុល្លារ

តម្រុយសាងសង់ផ្លូវនិងស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ឆ្នាំងទៅកំពង់ធំតម្លៃ ២៥០លានដុល្លារ

គម្រោងស្ថាបនាផ្លូវជាតិ៥០C ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ គឺជាជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤នេះស្ថិតក្នុងចំណោមគម្រោងជាច្រើនរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលត្រូវដាក់ទិសដៅអនុវត្ត។

ដើម្បីជំរុញធ្វើយ៉ាងណាឱ្យគម្រោងនេះឈានទៅដល់ការចរចាតម្លៃ និងសម្រេចបើកការដ្ឋានសាងសង់ កាលពីថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសជំនាញបានលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ធំ ទៅកំពង់ឆ្នាំង លើកយកមកធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួចពីក្រុមអ្នកជំនាញបច្ចេកទេស លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ឱ្យមន្រ្តីទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម។

ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា បានបញ្ជាក់អំពីទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រសួង។

ក្នុងឪកាសនោះលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងដែល លោក ប៉េង ពោធិ៍នា បានលើកឡើងជាច្រើនដើម្បីសម្រេចក្នុងឆ្នាំ២០២៤នេះលោកយល់ឃើញថាក្រសួងគួរតែសម្រេចឱ្យបានការចរចាឱ្យបានចប់សព្វគ្រប់មួយគម្រោងសិន។

 លោកអះអាងថា នៅក្នុងឆ្នាំ២០២៤នេះ គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវការចរចាឱ្យបានចប់សព្វគ្រប់ ឬសម្រេចឱ្យបាននូវការបើកការដ្ឋានសាងសង់ផ្លូវ ៥០C តភ្ជាប់ពីពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដ្បិតថាគម្រោងនេះត្រូវបានប្រមុខរាជដ្ឋាភិបាលកម្ពុជាប្រកាសជាគម្រោងអាទិភាពបំផុតក្នុងឆ្នាំនេះ។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏ត្រូវបានរដ្ឋមន្រ្តីក្រសួងសាធារណការ ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរដើម្បីដាក់បញ្ចូលជាគម្រោងសម្រាប់ឆ្នាំ២០២៤។

តាមផែនការដែលក្រសួងសាធារណការធ្លាប់បានប្រកាស គម្រោងសាងសង់ផ្លូវជាតិលេខ៥០Cនេះ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងជាមួយខេត្តកំពង់ធំឆ្លងកាត់បឹងទន្លេសាប។ និងគម្រោងប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ២៥០លានដុល្លារ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ និងបណ្តាញសង្គម