ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលខេត្តកោះកុងមានប្រវែង១៤៨គីឡូម៉ែត្រកំពុងជួបបញ្ហាលំបាកយ៉ាងច្រើនដោយសារតែកត្តាភូមិសាស្រ្ត តែទោះយ៉ាងនេះក្តីក៏ការស្ថាបនាផ្លូវជាតិនេះនឹងសម្រេចបញ្ចប់ឲ្យបាននៅឆ្នាំក្រោយ។ នេះបើតាមការឲ្យដឹងពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ។
លោកស្រីបានបញ្ជាក់ថា កំណាត់ផ្លូវដែលមានទទឹង១១ម៉ែត្រ កម្រាស់៧០មីលីម៉ែត្រ មាន២គន្លង និង៤គន្លងនេះ ក្រុមហ៊ុនម៉ៅការសាងសង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមមាញឹកក្នុងការស្ថាបនាឱ្យបានសម្រេចតាមផែនការ ក៏ប៉ុន្តែ ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកោះកុង មានភ្នំច្រើន ទីទួលច្រើន និងរដូវវស្សាមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលជាកត្តាធ្វើឱ្យការស្ថាបនាស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨នេះ មានការយឺតយ៉ាវបន្តិចដែលមិនអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក។
បន្ថែមពីនេះ ការស្ថាបនាផ្លូវជាតិលេខ៤៨ ពិតជាជួបការលំបាកយ៉ាងច្រើន ដែលត្រូវធ្វើឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវកាត់កូតមួយចំនួន ដូចជាទីខ្ពស់ត្រូវកាត់កូត កន្លែងខ្លះមានដី កន្លែងខ្លះមានថ្ម ហើយកន្លែងដែលទាប ក៏យើងត្រូវលើកកូតឡើងវិញ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងរកដី និងកម្ទេចថ្ម កៀរ និងចាក់លើកន្លែងផ្លូវរអិល ដើម្បីសម្រួលឱ្យបងប្អូនអាចធ្វើដំណើរបាន។
ពាក់ព័ន្ធនឹងការយឺតយ៉ាវនេះ អភិបាលខេត្តកោះកុងក៏បានសូមអភ័យទោសផងដែរ និងបញ្ជាក់ច្បាស់ៗថានឹងស្ថាបនាឲ្យរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើមនៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វ ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារ៕
អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន