គម្រោងសាងសង់ស្ពានត្រង់ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋជ្រើសរើសត្រង់ចំណុចចាប់ផ្តើមពីឃុំដីឥដ្ឋស្រុកកៀនស្វាយ តភ្ជាប់ទៅកាន់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិភាក្សាជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ និងស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” ដែលគ្រោងចំណាយថវិកាសាងសង់ប្រហែលជិត ២ ពាន់លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ