ប្រជាលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ ភាគច្រើនរង់ចាំទន្ទឹងមើលផ្លូវវិនិយោគិនចិនត្រឡប់មកវិញដើម្បីបន្តរកស៊ីក្នុងខេត្តរបស់ខ្លួនបន្ទាប់ពីពួកគេបានចាកចេញចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ និងការបង្ក្រាបល្បែងអនឡាញពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ទូច រ៉េមី ជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងខេត្តព្រះសីហនុហើយបានជួលដីឲ្យចិនធ្វើការសាងសង់សណ្ឋាគារ បានលើកឡើងថា លោកនិងប្រជាពលរដ្ឋដទៃទៀតសុទ្ធតែទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់ជនជាតិចិន ដើម្បីបន្តការសាងសង់អគារជាប់គាំងព្រោះអគារដែលពួកគេជួលឲ្យចិនភាគច្រើនមានតែគ្រោងឆ្អឹងឈរជ្រោង ទុកចោលបន្ទាប់ពីជនជាតិចិនបានរត់ត្រឡប់ស្រុកចិនវិញ សូម្បីការទូទាត់លុយក៏គ្មានដែរ។
លោកថ្លែងថា «ខ្ញុំនឹងប្រជាពលរដ្ឋនៅទីនេះភាគច្រើនមើលផ្លូវជនជាតិចិនត្រឡប់វិញទេ ព្រោះលឺតែព័ត៌មានផ្សាយថា ពេលនេះពេលនោះត្រឡប់មកវិញ ចឹងពួកខ្ញុំឯណេះ រង់ចាំមើលផ្លូវណាស់…! សំណង់អគារឃើញតែគ្រោងឆ្អឹង បើទោះយើងធ្វើបន្តក៏គ្មានលុយធ្វើដែរ ព្រោះឥឡូវបង់ធនាគាររាល់ខែ សឹងតែដាច់ក្រពះហើយ បើសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ»។
សូមជម្រាបថា ដើម្បីឈានទៅបញ្ចប់ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ស្របពេលកម្មវិធីពិសេសនេះទទួលបានការសារទរពីប្រជាពលរដ្ឋ និងវិនិយោគិនកំពុងរកស៊ីនៅទីនោះ។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ននេះ គឺក្រុមការងារនេះបានដោះស្រាយវិវាទជូនអ្នកវិនិយោគិន ឬវិស័យឯកជន ដោយជោគជ័យសរុបបានចំនួន ២៧គម្រោង។
លោកបញ្ជាក់ថា គម្រោងទាំង១៤ ដែលទើបសម្របសម្រួលដោះស្រាយបញ្ចប់នេះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០គម្រោង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ ជាអាទិ៍៖ គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម គម្រោងរោងចក្រលាយបេតុង រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣លានដុល្លារអាមេរិក។ ហើយគម្រោងទាំងនេះ ជាគម្រោងចម្រុះដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស ដោយមានទំហំតូច មធ្យម និងធំ៕
អត្ថបទ និងរូបភាព៖ ផល កុសល