ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៦៥%ហើយដែលមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងសំរុកយ៉ាងសកម្ម។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជីកស្តារប្រឡាយដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី៥ ខែឧសភានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។
លោកថា ដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅតំបន់ជុំវិញ ក្រសួងធនធានទឹក បានធ្វើគម្រោងផែនការអនុវត្តនូវខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។
គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហានរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ទី៤)ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕
អត្ថបទះ សាង តេជៈ រូបភាព៖ ក្រសួងធនធានទឹកនិងឧតុនិយម