ជប៉ុនបោះទុន ១៥០លានដុល្លារអភិវឌ្ឍអគារខ្ពស់ជាងគេនៅកម្ពុជា

វិនិយោគិនជប៉ុនសម្រេចវិនិយោគអភិវឌ្ឍន៍អគារខុនដូខ្ពស់ជាងគេបំផុតនៅកម្ពុជាដែលមានកម្ពស់រហូតដល់៣២០ម៉ែត្រ ស្នើនឹង៧៧ជាន់ ស្ថិតនៅក្នុងតំបន់បឹងកេងកង១ រាជធានីភ្នំពេញ។

អគារខុនដូកម្ពស់ជាងគេកណ្តាលបេះដូងរាជធានីមួយនេះមានឈ្មោះថា ជី ថៅវ័រ៣ «J-TOWER 3» ដែលធ្វើការបោះទុនវិនិយោគដោយក្រុមហ៊ុន តានីជូ គ្រុប របស់ក្រុមវិនិយោគិនជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១៥០លានដុល្លារ។ គម្រោងអគារនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន តានីជូ គ្រុប បានឱ្យដឹងថា អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ីដែលធ្វើឱ្យអគារនេះនឹងក្លាយជាអគារដ៏ទាក់ទាញនៅកម្ពុជា។

ក្រុមហ៊ុនបានអះអាងថា អគារកម្ពស់កប់ពពកនេះ  នឹងបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។ គម្រោងអគារ J-TOWER 3 គឺជាគម្រោងទី៥ របស់ក្រុមហ៊ុនតានីជូ គ្រុប ហើយគម្រោងនេះនឹងចំណាយសាងសង់រយៈពេល៥ឆ្នាំ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។

គម្រោងអគារកម្ពស់៧៧នេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹកនៅជាន់ទី៧៧ ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត។ លើសពីនេះ J-Tower3 មានអាងហែលទឹកចំនួន៣បន្ថែមទៀត  មានភោជនីដ្ឋាន ហាងកាហ្វេ កន្លែងហាត់ប្រាណធំ ទូលាយ  បន្ទប់ ស្ទីមសូណា បន្ទប់ខារ៉ាអូខេបែបគ្រួសារ កន្លែងបោះប៉ូលីង បន្ទប់ពិនិត្យសុខភាព៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមហ៊ុន តានីជូ គ្រុប