រដ្ឋមន្រ្តីមកពីក្រសួងចំនួន ៤រូបចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារការិយាល័យកណ្តាលថ្មីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃអង្គារ ទី៣០ ខែមេសានេះ ស្ថិតនៅអគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រដ្ឋមន្រ្តីមកពីក្រសួងទាំំង ៤រូបនោះដែលមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអធិបតី អមដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ព្រមទាំងតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផ្សេងទៀត។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា អគារកណ្តាលថ្មីនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានតម្លៃសរុបចំនួន ៣១.៩១៩លានរៀល រចនាឡើងតាមបែបក្លាស៊ិកចម្រុះគ្នា រវាងស្ថាបត្យកម្មសម័យបុរាណខ្មែរ និងស្ថាបត្យកម្មសម័យទំនើប សហសម័យ ដោយមានការតុបតែងគ្រឿងលម្អវិចិត្រកម្មបុរាណខ្មែរ សម័យអង្គរនិយម។
លោកថា អគារកណ្តាលថ្មីនៃធនាគារ ARDB នេះ ត្រូវបានគូសប្លង់ និងត្រួតពិនិត្យ គុណភាពសំណង់ដោយស្ថាបត្យករ និងវិស្វករខ្មែរ ដោយចាប់ផ្តើមសាងសង់លើផ្ទៃដីចំនួន ៦.១០២ ម៉ែត្រការ៉េ ពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយចំណាយពេល ២៩ ខែ។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ជាសហគ្រាសធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖ កុល បុត្រា រូបភាព៖ ARDB