ការរៀបចំខ្លួន និងសម្លៀកបំពាក់យុវជន-យុវនារីខ្មែរពិតជាសមសួនក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ

ការរៀបចំខ្លួន និងសម្លៀកបំពាក់យុវជន-យុវនារីខ្មែរពិតជាសមសួនក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ

នៅ​តាម​វត្តអារាម​ឃើញ​មាន​ពុទ្ធបរិស័ទ្ធ​ប្រុស​ស្រី​ច្រើន​កុះករ នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នា​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ ២០២៤ នេះ។ ក្នុង​នោះ​យើង​សង្កេត​ឃើញ​ថា យុវជន និង​យុវនារី​ខ្មែរ​កាន់តែ​យល់​ដឹង​ពី​ការ​តុបតែង​ខ្លួន និង​ជ្រើសរើស​សម្លៀកបំពាក់​ប្រពៃណី​យ៉ាង​សមសួន ដោយ​មាន​បង្ហាញ​ពី​អត្តញ្ញាណជាតិ។

តាមដានជាមួយយើង៖ Million Times

នារី​ៗ​បាន​ស្លៀក​សម្លៀកបំពាក់​អាវ​ប៉ាក់​ស សំពត់​បត់​ហូល​ផាមួង​ខ្មែរ រីឯ​ប្រុស​ៗ​បាន​ជ្រើស​រើស​អាវ​ស ខោ​ខ្មៅ ឬ​ពណ៌ទឹកប៊ិច​ក្រមៅ​មើល​ទៅ​សង្ហា មើល​យ៉ាង​ណា​ក៏​ដឹង​ថា​ជា​កូន​ចៅ​ខ្មែរ។ បើ​ទោះ​ជា​គ្មាន​សម្លៀកបំពាក់​ហូល​អាវ​ប៉ាក់ តែ​អ្នក​ខ្លះ បាន​ស្លៀក​សំពត់​ខ្មៅ អាវ​ស​ធម្មតា ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ខុស​ពី​ទំនៀមទម្លាប់។

ចំណុច​ពិសេស​ដែល​កូន​ខ្មែរ​ប្រុស​ស្រី​ជំនាន់​ក្រោយ​ធ្វើ​បែបនេះ បង្ហាញ​ពី​ការ​យល់​ដឹង និង​ចេះ​ចង់​ថែរក្សា​អ្វី​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ ទុក​ឲ្យ​​ក្មេង​ៗ។ ដោយ​មាន​អ្នក​និយាយ​ថា ឆ្នាំ ២០២៤ នេះ​ឃើញ​ថា​សមសួន និង​ត្រូវ​នឹង​កាលៈទេសៈ​ការ​ធ្វើ​បុណ្យ គឺ​ត្រូវ​ស្លៀកពាក់​អាវ​ស និង​មាន​របៀបរៀបរយ​ក្នុង​សង្គម​ខ្មែរ។

អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​ស្ញប់ស្ញែង​ចំពោះ​យុវជន​ខ្មែរ គឺ​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការ​ចេះ​ធ្វើ​បុណ្យ​ទាន ព្រោះ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ជា​ពិធី​បុណ្យ​មួយ​ដែល​ធំ​ជាង​គេ ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

តាម​ជំនឿ អំណាច​កុសល​ផល​បុណ្យ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​នេះ នឹង​ជួយ​យឹតយោង​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ញាតិកា​ទាំង ៧ សន្ដាន ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ហើយ​បាន​ទៅ​កាន់​សុគតិភព និង​ងាក​ក្រោយ​ឲ្យ​ពរ​កូន​ចៅ​ម្ចាស់​សទ្ធា​ទាំងឡាយ ជួប​តែ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន និង​បាន​បន្ត​រួម​ចំណែក​ជួយ​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ៕

ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK