កម្ពុជា សម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

កម្ពុជា សម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី នៅពេលនេះសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសពីការសម្រេបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤តទៅ។

សម្តេច ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គមនាយប់ថ្ងៃសុក្រនេះឲ្យដឹងថា ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត សម្តេចក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវរួចហើយដែរ។

តាមដានជាមួយយើង៖ Million Times

សម្តេចបញ្ជាក់ថា «យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក»។

សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់អំពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។

លើសពីនេះ សម្តេចបានសង្កត់ធ្ងន់ថា ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម