រដ្ឋមន្រ្តី៣ក្រសួងមូរដៃអាវធ្វើការរួមគ្នា ជំរុញវិស័យកសិកម្មទំនើប និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន

រដ្ឋមន្រ្តី៣ក្រសួងមូរដៃអាវធ្វើការរួមគ្នា ជំរុញវិស័យកសិកម្មទំនើប និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ រដ្ឋមន្រ្តីចំនួន ៣ក្រសួង គឺក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

កិច្ចប្រជុំអន្តរក្រសួងលើកទី១ កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅនៅក្រសួងកសិកម្ម សម្រេចលទ្ធផលរួមគ្នាចំនួនបួនចំណុចគឺ ទី១)កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ ទី២)ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ទី៣)ផ្សារភ្ជាប់គម្រោងនិងកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងទី៤) ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់បីខែម្ដង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការអនុវត្តការងារបន្ត។

តាមដានជាមួយយើង៖ Million Times

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើកទី២ នាពេលនេះគឺដើម្បីពិនិត្យ និងពិភាក្សា៖ ទី១)របាយការណ៍វឌ្ឍនភាពការងារនិងរបាយការណ៍សង្ខេបលទ្ធផលកិច្ចប្រជុំលើកដំបូង ទី២)ការរៀបចំបង្កើតលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ដំណើរការក្រុមការងារអន្តរក្រសួង និងសេចក្តីព្រាងលក្ខខណ្ឌការងារ(ToR) របស់លេខាធិការដ្ឋាន និងទី៣)លក្ខខណ្ឌវិនិច្ឆ័យរួម និងការកំណត់តំបន់គោលដៅអនុវត្តសកម្មភាពដែលមានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន(MAC/FWUC/MV) ឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរិមា និងជំហានបន្ទាប់។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបណ្តាញសង្គមថា មានពេលខ្លះ គ្រាន់តែអង្គុយផឹកកាហ្វេមួយកែវជុំគ្នា ក៏អាចសម្រេចការងារធំបាន។ លោកថា ម្តងហើយម្តងទៀត យើងតែងឃើញរដ្ឋមន្ត្រីទាំង៣ដើរជុំគ្នាក្នុងអាណត្តិថ្មីនេះ មូរដៃអាវធ្វើការរួមគ្នា ដោយមិនប្រកាន់ក្រសួង មិនរើសទីកន្លែង នៅស្រែក៏បាន នៅហាងកាហ្វេក៏បាន ឱ្យតែការងារទៅមុខ មិនចាំបាច់តែនៅក្នុងបន្ទប់ប្រជុំនោះទេ៕ 

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងធនធានទឹក