គណបក្សប្រជាជនកម្ពុជា ឲ្យអាមេរិកពិចារណាលុបចោលការបង្កកទ្រព្យសម្បត្តិមហាសេដ្ឋី លី យ៉ុងផាត់

គណបក្សប្រជាជនកម្ពុជា ឲ្យអាមេរិកពិចារណាលុបចោលការបង្កកទ្រព្យសម្បត្តិមហាសេដ្ឋី លី យ៉ុងផាត់

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការដាក់ទណ្ឌកម្មមលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាការំលោទបំពានលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់អាមេរិកឡើយ ដោយស្នើឲ្យអាមេរិកពិចារណាឡើងវិញ។

ការចេញមកបញ្ជាក់របស់គណបក្សប្រជាជនកម្ពុជា CPP ប៉ុន្មានម៉ោងក្រោយ ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សម្រេចចិត្តដាក់ទណ្ឌកម្មទាំងអយុត្តិធម៌លើធុរជនកម្ពុជាលោកអ្នកឧញ៉ា លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។ 

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធនឹងចំណាត់ការក្រសួងរតនាគារអាមេរិក គណបក្សប្រជាជនកម្ពុជា សម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មលើលោកអ្នកឧញ៉ា លី យ៉ុងផាត់ ដោយបានបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ពីបទជាប់ពាក់័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យាផ្សេងៗនោះ គឺមានលក្ខណៈជានយោបាយដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មមលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាការំលោទបំពានលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់អាមេរិកឡើយ។

គណបក្សប្រជាជនកម្ពុជា បានប្រកាសច្រានចោយ៉ាងដាច់ខាត និងចាត់ទុកការដាក់ទណ្ឌកម្មនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើបុគ្គលភាព ប៉ះពាល់ដល់កិត្តិយសធម៌ និងសេចក្តីថ្លែងថ្នូររបស់លោក លី យ៉ុងផាត់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ទន្ទមនឹងនេះ គណបក្សប្រជាជន បានស្នើក្រសួងរតនាគារអាមេរិកពិចារណាឡើងវិញ លើករណីដ៏អយុត្តិធម៌នេះ ហើយលុបចោលការដាក់ទណ្ឌកម្មមកលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងទ្រព្យសម្បត្តិធ្វើអាជីវកម្មទាំងអស់របស់លោក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា