បញ្ចប់គោរមងារឧកញ៉ាពីម្ចាស់ក្រុមហ៊ុន UPL &LKH International Group ចំនួន២រូប

បញ្ចប់គោរមងារឧកញ៉ាពីម្ចាស់ក្រុមហ៊ុន UPL &LKH International Group ចំនួន២រូប

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ២រូបគឺ ឧកញ៉ា អុឹង ផល្លារ និងឧកញ៉ា លី គង់ហុង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ាទាំងពីររូបនេះ ធ្វើឡើងចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែលបង្ហាញចែកចាយដោយសមាគមឧគញ៉ាកម្ពុជា ។ ឧកញ៉ា អ៉ឹង ផល្លារ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី គង់ហុង ជាអគ្គនាយកក្រុមហ៊ុន UPL & LKH International Group។

ទោះជាបែបក្តីនេះ សមាគមឧកញ៉ាកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យឧកញ៉ា អុឹង ផល្លារ និងឧកញ៉ា លី គង់ហុង ត្រូវបានបញ្ចប់គោរមងារនោះឡើយ ខណៈកន្លងមកភាគច្រើនទាល់តែគោរមវន្តបុគ្គលដែលបានប្រព្រឹត្តប្រាសចាកច្បាប់ និងក្រមសីលធម៌ប្រពៃណីទំនៀមទម្លាប់ ទើបនាយករដ្ឋមន្រ្តីស្នើសុំទៅព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារ ឧកញ៉ា។

ពាក់ព័ន្ធនឹងការបញ្ចប់គោរមងារឧកញ៉ា ពីបុគ្គលទាំងពីររូបនេះ គេហទំព័រ Million Time មិនទាន់សុំការបញ្ជាក់ពីសមាគមឧកញ៉ាកម្ពុជាបាននោះទេ។ យ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ លី គង់ហុង ដែលត្រូវបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២លើក ចុះថ្ងៃទី៨ ខែកុម្ភៈ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលឈ្មោះ លី គង់ហុង ចៅក្រមស៉ើបសួរ បានបញ្ជាឲ្យកម្លាំងសាធារណៈ ដើម្បីឲ្យស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ លី គង់ហុង មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ៕

តាមដានជាមួយយើង៖ Million Times

លោក លី គង់ហុង