ដើម្បីជួយដល់កសិករ រដ្ឋនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១ ០០០នាក់នៅឆ្នាំក្រោយ

ដើម្បីជួយដល់កសិករ រដ្ឋនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១ ០០០នាក់នៅឆ្នាំក្រោយ

ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃថ្ងៃទី១០ ខែកញ្ញាម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋានឱ្យបាន ១,០០០នាក់ ដើម្បីជួយដល់កសិករនៅមូលដ្ឋានឃុំទូទាំងប្រទេស ដោយសម្តេចសង្កត់ធ្ងន់ជួយទាំងបច្ចេកទេសដាំដុះឱ្យបានផលច្រើនជាងមុន កាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណូល។

បើតាមសម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានកំណត់ និងដាក់ចេញផែនការយុទ្ធសាស្ត្រអាទិភាពចំនួន ៣៖ ទី១៖ ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញប្បទានជូនដល់ប្រជាកសិករ។ ទី២៖ ដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ដែលបានរៀបចំប្រឡងជ្រើសរើស២៥០នាក់ ហើយក៏គ្រោងរៀបចំការប្រឡងជ្រើសរើសបន្ថែម ១,០០០នាក់ ដើម្បីពន្លឿនមន្ត្រីកសិកម្មចុះទៅជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។

តាមដានជាមួយយើង៖ Million Times

សម្ដេចថ្លែងបញ្ជាក់ថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»

ទី៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលសម្ដេចបានឃើញវិធីសាស្រ្តថ្មីក្នុងការចងក្រង ហើយឃើញចុះផ្សព្វផ្សាយច្រើននៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបង្ហើបថា នៅថ្ងៃខាងមុខ សម្ដេចនឹងចុះទៅពិនិត្យមើលនូវការរៀបចំសហគមន៍កសិកម្មទំនើបនោះ។

 រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១៖ ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២៖ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវា ឲ្យកាន់តែជិតកសិករ និង៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

សូមជម្រាបជូនថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដែលចែកចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលបានជ្រើសរើស និងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងក្រសួងកសិកម្ម