មហាសេដ្ឋី ពុង ឃាវសែ ចុះពិនិត្យមើលដោយផ្ទាល់ថ្ងៃបើកហោះហើរសាកល្បងព្រលានយន្តហោះតេជោ

មហាសេដ្ឋី ពុង ឃាវសែ ចុះពិនិត្យមើលដោយផ្ទាល់ថ្ងៃបើកហោះហើរសាកល្បងព្រលានយន្តហោះតេជោ

ដូចការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមធ្វើការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ក្នុងពិធីហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ មានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ក្នុងនោះមានវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងជាម្ចាស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍នាំផ្លូវអាកាស(Air Navigation) ប្រព័ន្ធរ៉ាដា(Radar Approach) និងប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា នឹងចូលរួមទាក់ទាញនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ធ្លាប់ឲ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្នុងដំណាក់កាលទី១ គ្រោងចំណាយទំហំវិនិយោគចំនួន ១,៥០០ លានដុល្លារ។ ក្នុងនោះអគារស្ថានីយ៍អ្នកដំណើរគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ និងហេដ្ឋារចនាសម្ព័ន្ធហោះហើរ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤។

គួរឲ្យដឹងថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣លាននាក់ ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ៣០លាននាក់ ក្នុង១ឆ្នាំ។ ដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ៥០លាននាក់ ក្នុង ១ឆ្នាំ ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល