កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារបកប្រែនៅស្ថានទូតថៃ មកជាមន្រ្តីកសិកម្មឃុំនៅស្រុកកំណើត 

កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារបកប្រែនៅស្ថានទូតថៃ មកជាមន្រ្តីកសិកម្មឃុំនៅស្រុកកំណើត 

ដោយការស្រឡាញ់ចង់យកចំណេះដឹង​ និងជំនាញរបស់ខ្លួន ជួយដល់កសិករនៅស្រុកកំណើត កញ្ញា ឃឺន ខេងហ្គិចម៉េង ក៏សម្រេច​ចិត្តលះបង់ពីអ្នកបកប្រែនៅស្ថានទូតថៃ ប្រឡងចូលការងារ​ជាមន្រ្តី​កសិកម្មឃុំដើម្បីជួយកសិករនៅស្រុកកំណើត។

ធ្លាប់ជាអ្នកបកប្រែនៅស្ថានទូតថៃ​មុនក្លាយជាមន្រ្តីកសិកម្មឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ កញ្ញា ឃឺន ខេងហ្គិចម៉េង បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមដានជាមួយយើង៖ Million Times

កញ្ញា ខេងហ្គិចម៉េង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងធនធានកសិកម្មពីសាកលវិទ្យាល័យ ជូឡាឡំាងកង ប្រទេសថៃ បានឲ្យដឹងថា ដោយមើលឃើញថា ចង់បានការងារមានតុល្យភាពដើម្បីជួយអភិវឌ្ឍន៍ភូមិឃុំផង និងនៅជិតគ្រួសារ (ប៉ាម៉ាក់) ទើបកញ្ញាសម្រេចចិត្តប្រឡងចូលការងារ​ជាមន្រ្តី​កសិកម្មឃុំ។

ត្រឹមខែសីហា ឆ្នាំ២០២៤នេះ កញ្ញាបានបម្រើការងារជាមន្រ្តីកសិកម្មឃុំចំនួន ៨ខែ ហើយនៅតែមានចិត្តធ្វើការរងារនេះដដែល ក៏ព្រោះកញ្ញាមើលឃើញភូមិឃុំមានរីកចម្រើនជាងមុន។ កញ្ញាថ្លែងថា «ការមុននាងខ្ញុំមិនទាន់មកទិន្នន័យមិនទាន់មានភាពច្បាស់លាស់ ក្រោយចូលមកទិន្នន័យកសិកម្មមានភាពច្បាស់លាស់ជាងមុន ដោយសារនាងខ្ញុំធ្វើបច្ចុប្បន្នភាពជាមួយកសិករ និងអាជ្ញាធរភូមិឃុំជាទៀងទាត់»។

ជុំវិញការងារជាមន្រ្តីកសិកម្មឃុំកញ្ញាមើលឃើញថា កសិករមានភាពរីករាយ និងភាពកក់ក្តៅដែលមានវត្តមានមន្រ្តីកសិកម្មឃុំ ដើម្បីមានភាពងាយស្រួលក្នុងការប្រឹក្សាយោបល់ខាងផ្នែកបច្ចេកទេស និងទីផ្សារជាដើម។ ការងារតទៅមុខ កញ្ញា ខេងហ្គិចម៉េង បានប្តេជ្ញាថានឹងបន្តការងារនៅជាមួយកសិករបន្ថែមទៀត ពិសេសពាក់ព័ន្ធបច្ចេកទេស ទីផ្សារ និងការចង់ក្រងកសិករឆ្ពោះទៅកាន់សហគមន៍កសិកម្មទំនើបដើម្បីកាត់បន្ថយថ្លៃដើម ហើយបង្កើនប្រាក់ចំណេញ និងនិរន្តភាពទីផ្សាររបស់ពួកគាត់៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម