ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ថវិកា ៧៧៧,៧៧៧ដុល្លារក្នុងរយៈពេល ១០ឆ្នាំដល់មូលនិធិសមាគមសិល្បករខ្មែរ

ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ថវិកា ៧៧៧,៧៧៧ដុល្លារក្នុងរយៈពេល ១០ឆ្នាំដល់មូលនិធិសមាគមសិល្បករខ្មែរ

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និងសមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការឧបត្ថម្ភមូលនិធិជូនសមាគមសិល្បករខ្មែរ រយៈពេល ១០ឆ្នាំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។

ពិធីចុះហត្ថលេខាកាន់ប៊ិចសញ្ញេជាសេក្ខីភាពដោយលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសិល្បករ សិល្បការិនីល្បីៗ ជាច្រើនរូបផ្សេងទៀត។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាតឹកតាង សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ អ្នកឧកញ៉ា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះការចូលរួមលើកតម្កើងតម្លៃនៃវិស័យសិល្បៈវប្បធម៌ជាតិ និងយល់ច្បាស់ពីសុខទុករបស់សិល្បករ សិល្បការិនីទាំងអស់ ជាពិសេសចំពោះសិល្បកររាមច្បង ដែលមានវ័យកាន់តែច្រើន និងកំពុងប្រឈមនឹងបញ្ហាផ្សេងៗ ដែលត្រូវការមូលនិធិឧបត្ថម្ភទ្រទ្រង់ជាចាំបាច់។

បន្ថែមពីលើនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំ ក៏ដូចជាសិល្បករ សិល្បការិនីទាំងអស់ នៅក្នុងសមាគមសិល្បករខ្មែរ អ្នកឧកញ៉ាសូមថ្លែងអំណរគុណ និងកោតស្ញប់ស្ញែង យ៉ាងខ្លាំងចំពោះ អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ដែលបានគាំទ្រឧបត្ថម្ភមូលនិធិជូនសមាគមសិល្បករខ្មែរ ក្នុងរយៈពេល ១០ឆ្នាំ នូវទឹកប្រាក់សរុបចំនួន ៧៧៧,៧៧៧ (ចិតសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លាសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការរួមដំណើរជាមួយសមាគមសិល្បករខ្មែរ នៅលើវិថីនៃកិច្ចការថែរក្សាកេរដំណែល វប្បធម៌ជាតិ និងរក្សាអត្តសញ្ញាណជាតិសិល្បៈខ្មែរ ដើម្បីលើកកម្ពស់និរន្តរភាពនៃសិល្បៈកម្ពុជាឱ្យកាន់តែរស់រវើក។

ជីប ម៉ុង ជាក្រុមហ៊ុនមេ របស់ខ្មែរប៊ែវើរីជីស និងមាន ១៣ក្រុមហ៊ុនក្នុងវិស័យធំៗនៅកម្ពុជា មានគ្រឹះដ៏រឹងមាំជាង ៤០ឆ្នាំ បានឧបត្ថម្ភថវិកាសរុប ៧៧៧,៧៧៧ ដុល្លារ ជូន ដល់សមាគមសិល្បករខ្មែរ រយៈពេល ១០ឆ្នាំ ក្នុងតួនាទីជាចលករមួយ ជំរុញឱ្យមានការផ្សារភ្ជាប់គ្នារវាងវប្បធម៍ និងសេដ្ឋកិច្ចជាតិ ដើម្បីបង្កើនសក្តានុពលជាតិ និងបន្តភាពគង់វង្សនៃអរិយធម៌ខ្មែរដ៏យូរលង់។ អ្នកឧកញ៉ាបន្ថែម។

អ្នកឧកញ៉ាបន្ថែមទៀតថា ជាមោទកភាព ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក្នុងរយៈពេលកន្លងមក បានក្លាយជាមូលដ្ឋានមួយ ក្នុងការផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ធំៗ ឬសិល្បៈនានាជាច្រើន ទាំងសិល្បៈប្រពៃណីបុរាណ និងសិល្បៈសម័យ។ យើង បានក្លាយជាចំណុចតភ្ជាប់សំខាន់មួយ ក្នុងការបង្កើតឱកាសដល់សិល្បករ-សិល្បការិនី ក្នុងការបន្តផ្សព្វផ្សាយពីវប្បធម៍ដ៏អស្ចារ្យ ដល់សាធារណជនទូទាំងប្រទេស និងពិភពលោក ឱ្យបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផង់របស់ជាតិ ដែលមានតាំងពីបុរាណកាល។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងលើឆន្ទៈ «រក្សាចាស់ បង្កើតថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពនៃការច្នៃប្រឌិត ដើរឱ្យទាន់សម័យឌីជីថល និងបណ្តុះគំនិតកូនខ្មែរឱ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ។ សំខាន់បំផុតនោះ ភាពរីកចម្រើននៃស្នាដៃសិល្បៈ នឹងជួយជំរុញកំណើនភ្ញៀវទេសចរ ចូលមកទស្សនា និងស្រាវជ្រាវបន្ថែម នូវទស្សនីយភាពសិល្បៈបុរាណ និងសម័យ ក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ