ថវិកា ២០០លានរៀល សម្តេចនាយករដ្ឋមន្រ្តីចូលរួមបរិច្ចាគដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ថវិកា ២០០លានរៀល សម្តេចនាយករដ្ឋមន្រ្តីចូលរួមបរិច្ចាគដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

សម្តេច ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបរិច្ចាគថវិកា ២០០លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្មីៗនេះបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

តាមដានជាមួយយើង៖ Million Times

គំនិតផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់ប្រមុខរាជរដ្ឋាភិបាល កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល វិស័យឯកជន អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនខ្នាតយក្សរបស់កម្ពុជាចំនួន ៣ បានចេញមុខបរិច្ចាគខ្ទង់លានដុល្លារឯណោះក្នុងមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុន ជីបម៉ុង ១លានដុល្លារ, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ១លានដុល្លារ និងក្រុមហ៊ុន ទ្រី ភាព គ្រុប ចំនួន ១លាន២សែនដុល្លារ៕