នាយករដ្ឋមន្រ្តី៖ ការប្រគល់វត្ថុបុរាណ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរពក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ

នាយករដ្ឋមន្រ្តី៖ ការប្រគល់វត្ថុបុរាណ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរពក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ

វត្ថុបុរាណខ្មែរចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ដែលទទួលបានពីសហរដ្ឋអាមេរិក ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រគល់វត្ថុបុរាណនាពេលនេះ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន។

តាមដានជាមួយយើង៖ Million Times

បើតាមសម្តេចនាយករដ្ឋមន្រ្តី ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌ដល់ជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងឧត្តុងឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ។

សម្តេចបានថ្លែងថា៖ គិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ (ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី