សម្តេច ហ៊ុន សែន កត់សម្គាល់ឃើញអ្នកជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ

សម្តេច ហ៊ុន សែន កត់សម្គាល់ឃើញអ្នកជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ

នៅថ្ងៃទី២២ ខែសីហានេះ គឺជាថ្ងៃខួបមួយឆ្នាំនៃការបង្កើតគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយអ្នកជំនាន់ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រមទាំងកូនៗឥស្សរជនដទៃទៀតជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

ក្នុងថ្ងៃខួបមួយឆ្នាំរបស់អ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានកត់សម្គាល់ពីភាពស្វាហាប់នៃការដឹកនាំជំនាន់ថ្មីជាច្រើនចំណុច។ សម្តេច ហ៊ុន សែន ក្នុងបណ្តាញសង្គម បានលើកឡើងជាទស្សនៈថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក (ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍)។

តាមដានជាមួយយើង៖ Million Times

សម្តេចប្រធានព្រឹទ្ធសភាបានបន្តថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។

បើតាមសម្តេច ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលសម្តេចសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។

២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។

៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។

៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

សម្តេចមានប្រសាសន៍ថា «បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀត ចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជាស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ»។

សម្តេចថ្លែងគូសបញ្ជាក់ថា៖ «ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី»។

សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ