ក្រសួងទេសចរណ៍៖ ជើងហោះហើរអន្តរជាតិចូលមកកម្ពុជាមាន ៤៦៣ជើងក្នុងរយៈពេល៧ថ្ងៃ

ក្រសួងទេសចរណ៍៖ ជើងហោះហើរអន្តរជាតិចូលមកកម្ពុជាមាន ៤៦៣ជើងក្នុងរយៈពេល៧ថ្ងៃ

ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍បញ្ជាក់ពីចំនួនជើងហោះហើរអន្តរជាតិចូលកាន់កម្ពុជាក្នុងរយៈពេល ៧ថ្ងៃ មានចំនួន ៤៦៣ជើង ខណៈភ្ញៀវទេសចរណ៍មានប្រមាណ ៦០ ៦០០ នាក់ គិតត្រឹមថ្ងៃទី២៩ ខែកក្កដាមកត្រឹមដើមខែសីហានេះ។

បើតាមក្រសួងទេសចរណ៍ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៣ ជើងហោះហើរក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥០ ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១០ ជើងហោះហើរ។

ក្រសួងក៏បានបង្ហាញរបាយការណ៍ភ្្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ០៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិប្រមាណ ៣៥៧ ២០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦០ ៦០០ នាក់។

ជាមួយគ្នានោះនៅក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៦ ៧៣៥ បណ្ណ កើនឡើង ៨,៥% និងទទួលបានចំណូលសរុប ៧៦៩ ៣៦៥$ កើនឡើង ៩,២% ផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងទេសចរណ៍