សម្តេច ហ៊ុន សែន៖ តំបន់ភាគនិរតីនៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ

សម្តេច ហ៊ុន សែន៖ តំបន់ភាគនិរតីនៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ការជីកព្រែក ព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។

ក្នុងជំនួបជាមួយតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេច ហ៊ុន សែន បានថ្លែងថា៖ «ព្រែកជីកនេះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាមួយគ្នានោះ តំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ ពីព្រោះថា ព្រែកជីកនេះ នឹងផ្ដល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាកសិករធ្វើស្រែ និងដំណាំផ្សេងៗទៀត»។

លើសពីនេះ បើតាមប្រធានព្រឹទ្ធសភា ព្រែកជីកហ្វូណនតេជោ ក៏ជួយជម្លៀសទឹកជំនន់ ហើយនឹងលើកតម្កើង​​វិស័យទេសចរណ៍ទៀតផង។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រមានតម្លៃខ្ពស់សម្រាប់ប្រជាជាតិកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

គម្រោងនេះ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) មានទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេចតេជោ និងក្រសួងធនធានទឹក