ឯកអគ្គរដ្ឋទូតចិនថ្មីជួបសម្តេច ស ខេង ស្វែងរកការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ 

ឯកអគ្គរដ្ឋទូតចិនថ្មីជួបសម្តេច ស ខេង ស្វែងរកការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ 

កាលថ្ងៃអង្គារ ទី៦ ខែសីហា សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពិភាក្សាការងារជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។ នាជំនួបនោះ សម្តេចចាត់ទុកថាការតែងតាំងលោក នៅក្នុងតួនាទីនេះគឺពិតជាបង្ហាញអំពីសារៈសំខាន់ដែលចិន​ បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា។ 

ឯកអគ្គរដ្ឋទូត​ចិន បានវាយតម្លៃខ្ពស់ចំពោះសម្តេច​ ស ខេង ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប​ ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្ដារកសាងអភិវឌ្ឍន៍​ និងប្រទេសកម្ពុជាដូចជារួមចំណែកដល់ការ ថែរក្សានូវសុខសន្តិភាពនិងស្ថិរភាព។ 

តាមដានជាមួយយើង៖ Million Times

លោក វ៉ាង វិនពីន មានប្រសាសន៍​ថា​ កន្លងមកសម្ដេច ស ខេង ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិន​នៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ​ កន្លងមក​ ជាឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកបន្ថែមថា​ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ កម្ពុជា-ចិន​ គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ​ តាំងរហូតមកដល់ពេលនេះ​ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ​ រហូតមកដល់ពេលនេះ​ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ ។ 

លោក វ៉ាង វិនពីន ក៏សង្ឃឹមជឿជាក់ថា ទោះបីជាសម្តេច ទោះមិនស្ថិតនៅក្នុងរដ្ឋាភិបាល​ ក៏ប៉ុន្តែលោកសង្ឃឹមជឿជាក់ថាសម្ដេច​ នៅតែបន្តគាំទ្រនិងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ 

ក្នុងជំនួបដដែលនោះ សម្ដេចសូមថ្លែងអំណរគុណចំពោះបក្សក៏ដូចជារដ្ឋាភិបាលចិន​ ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុ​ស្ដារ​ និងអភិវឌ្ឍប្រទេសកម្ពុជា​ ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន​ ក្រោមការដឹកនាំរបស់គណបក្សក៏ដូចជារបស់រដ្ឋាភិបាល​ ហើយសម្ដេចក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែមានសារៈសំខាន់របស់ប្រទេសចិននៅក្នុង ឆាកអន្តរជាតិ​ ជាពិសេសនៅក្នុងក្របខណ្ឌសកលដែលប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុង ការងារនយោបាយក៏ដូចជាសេដ្ឋកិច្ច។ 

សម្តេចថ្លែងថា សម្តេចផ្ទាល់នឹងបន្តខិតខំអស់ពីលទ្ធភាពនិងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រដូចជាពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេច ស ខេង