ប្រតិបត្តិករអំពាវនាវក្រសួងជួយដោះស្រាយការខូចខាតបណ្តាញចែកចែកទឹកស្អាតដោយសារកាយផ្លូវដាក់លូ

ប្រតិបត្តិករអំពាវនាវក្រសួងជួយដោះស្រាយការខូចខាតបណ្តាញចែកចែកទឹកស្អាតដោយសារកាយផ្លូវដាក់លូ

ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ ជាពិសេស ការកាយផ្លូវដាក់លូ ដាក់លូកាយផ្លូវបានធ្វើប៉ះពាល់ដល់ប្រព័ន្ធបណ្តាញទឹកស្អាតរបស់វិស័យឯកជន។ ការណ៍នេះប្រតិបត្តិករទឹកស្អាតឯកជនបានស្នើសុំដល់ក្រសួងជួយដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងវេទិកាទឹកស្អាតកម្ពុជា កាលចុងខែកក្កដាកន្លងទៅ ប្រតិបត្តិករទឹកស្អាតឯកជនបានអំពាវនាវឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួន រួមទាំងស្វែងរកដំណោះ ស្រាយចំពោះការខូចខាតបណ្តាញចែកចែកទឹកស្អាតដែលបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងស្នើសុំការគាំទ្រប្រភពទឹកដែលមាននិរន្តរភាព។

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធសំណើរនេះ លោក ហែម វណ្ណឌី បានទទួលយកសំណើរបស់វិស័យឯកជន និងបានរំលេចពីតួនាទីសំខាន់របស់ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ លោកបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹក ស្អាតឯកជន ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាព បច្ចេកទេស និងអនុលោមភាពដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រដ្ឋបានផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជនឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។  លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់តម្រូវការប្រចាំថ្ងៃគាំទ្រដល់សុខភាពសាធារណៈ និងសម្រាប់ទាក់ទាញការវិនិយោគ និងការ អភិវឌ្ឍឧស្សាហកម្ម

លោកបន្តថា បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម កំពុងធ្វើការវាយ តម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យនេះ។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរាយការណ៍ថា ធនាគារបានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយធនាគារក៏បាន អនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤លានដុល្លាររួចហើយ ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថាស្ថាប័ននេះបានធានាប្រាក់កម្ចីសរុបប្រមាណ ២០១លានដុល្លារអាមេរិក ដោយមួយផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងឧស្សាហកម្ម