ស្ថាប័នជំនាញ ឲ្យពលរដ្ឋរាយការណ៍ក្នុងករណីទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ខុស  

ស្ថាប័នជំនាញ ឲ្យពលរដ្ឋរាយការណ៍ក្នុងករណីទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ខុស  

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានប្រាប់ឲ្យពលរដ្ឋរាយការណ៍ អំពីទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា។

សេចក្ដីជូនដំណឹងរបស់ន.ទ.ក. នៅថ្ងៃទី ៣១ ខែកក្កដា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួន ពាក់ព័ន្ធនឹង ១. ការកាត់ផ្តាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និង ២. ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីង ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក. បានអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ទៅ ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ក្នុងករណី៖

លេខទូរស័ព្ទចល័តរបស់ខ្លួន ត្រូវបានកាត់ផ្តាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបានគោរពតាមរយៈពេលបន្ទាប់ពីផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំលេខ ៨០២១ ន.ទ.ក. ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣។

ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វ​ផ្សាយពាណិជ្ជកម្ម។ ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឲ្យមានការកាត់ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្ដឹងតវ៉ារបស់ អ្នកប្រើប្រាស់៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖ Million Times