ដើម្បីកុំឲ្យជំនន់ទឹកភ្លៀងហូរចូលលិចតំបន់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ រដ្ឋមន្រ្តីបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤

ដើម្បីកុំឲ្យជំនន់ទឹកភ្លៀងហូរចូលលិចតំបន់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ រដ្ឋមន្រ្តីបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រឡាយដោះទឹកពង្វាងទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបណ្ដាព្រែកក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកបញ្ជាក់ឱ្យដឹងថា បើតាមការពិនិត្យមូលហេតុដែលព្រែកហូរមានទឹកហូរយឺតគឺដោយសារតែ៖ ទី១)ចាប់ពីព្រែកយាយជាដែលមានមុខទឹកបែកជាពីរ ហូរបានតែមួយច្រក និងមួយច្រកទៀតនៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោលនយោបាយ ទី២)នៅចុងប្រឡាយព្រែកហូរ ចាប់ពីប្រឡាយលេខ៣ នៅពុំទាន់បានធ្វើការស្ដារ ដោយសារកំពុងរង់ចាំការដោះស្រាយផលប៉ះពាល់។

តាមដានជាមួយយើង៖ Million Times

លោកបានបញ្ជាក់បន្ថែមថា ប្រឡាយភ្ជាប់លេខ៣ ត្រង់ប្រឡាយ៩៦ ស្ថានភាពទឹកហូរបានលឿនគួរសម ចំណែកតំបន់ព្រែកថី ទឹកហូរបានលឿនចេញទៅទន្លេបាសាក់និងបានស្រកពីកម្រិតកម្ពស់ ៥,០៥ម៉ែត្រ មកត្រឹម ៤,៩៥ម៉ែត្រ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ ដោយមានមុខកាត់ចន្លោះពី១០-២០ម៉ែត្រ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដោយ១ទីតាំងកាយយ៉ាងហោចណាស់ ៣០ម៉ែត្រ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន។

សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ទឹកហូរបែកវាលទៅតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងរំដោះបានច្រើន ប៉ុន្តែបច្ចុប្បន្នទឹកពុំអាចហូរចូលអាកាសយានដ្ឋានថ្មីបានទេ គឺទឹកនៅប្រមូលផ្តុំតែក្នុងស្ទឹងមិនហូរបែកវាល ហើយក្នុងករណីពុំមានភ្លៀងបន្ថែម នោះទឹកនឹងបន្តស្រកចុះវិញ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងធនធានទឹក