រថយន្តប្រេនអាមេរិចមួយគ្រឿងត្រូវបានសម្តេច ហ៊ុន សែន សម្រេចប្រគល់ដាក់តាំងនៅវិមានឈ្នះឈ្នះ

រថយន្តប្រេនអាមេរិចមួយគ្រឿងត្រូវបានសម្តេច ហ៊ុន សែន សម្រេចប្រគល់ដាក់តាំងនៅវិមានឈ្នះឈ្នះ

ប្រធានព្រឹទ្ធសភាសម្តេច ហ៊ុន សែន បានប្រគល់រថយន្តមួយគ្រឿងដល់វិមានឈ្នះ ឈ្នះ ជារថយន្តដែលសម្តេចប្រើប្រាស់ក្នុងការស្វែករកសុខសន្តិភាពនៅប្រទេសកម្ពុជា ម៉ាក Chevrolet ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

អតីតនាយករដ្ឋមន្រ្តីដ៏យូរជាងគេក្នុងពិភពលោក បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានប្រើប្រាស់រថយន្ត ម៉ាក Chevrolet កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។

សូមជម្រាបជូនថា ការប្រគល់រថយន្ត Chevrolet ជូនដល់វិមានឈ្នះឈ្នះ ក៏ព្រោះទីតាំងវិមានឈ្នះ ឈ្នះ គឺជានិមិត្តរូបនៃការកសាងសន្តិភាពរបស់កម្ពុជា និងជាសំណង់ដែលបង្កប់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ។ វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ ម៉ែត្រ ទទឹង ៣៦ ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាសមិទ្ធផលស្ថាបត្យកម្មរបស់កូនខ្មែរពិតប្រាកដ ហើយត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពីអត្ថន័យនៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន។

ក្រោមម្លប់សន្តិភាពនិងតេជៈនៃនយោបាយឈ្នះ-ឈ្នះ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ផ្នែកនយោបាយនិងសេដ្ឋកិច្ចសង្គម បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលស្របនឹងវប្បធម៌និងបរិបទកម្ពុជា ដោយបានរៀបចំយ៉ាងទៀតទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានបូរណភាពទឹកដីយ៉ាងពេញលេញ។

ការរៀបចំនយោបាយនិងសន្តិសុខក្នុងប្រទេសឱ្យបានសមស្របសំដៅធានាដល់ការអភិវឌ្ឍ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាព។ កម្ពុជាបាននិងកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ និងដណ្តើមបានមកវិញនូវនីត្យានុកូលភាពនិងកិត្យានុភាពជាតិ ដែលបានបាត់បង់ពីអតីតកាល។

សម្តេច ហ៊ុន សែន គឺជាវរជននយោបាយខ្មែរតែម្នាក់គត់ ដែលបានដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯង ដោយមធ្យោបាយសន្តិវិធី។ សម្តេច ហ៊ុន សែន ជាអ្នកការទូតអាជីពដ៏ជំនាញបំផុតជិតកន្លះសតវត្សរ៍ ជាកំពូលអ្នកចរចា និងជាបិតាសន្តិភាព ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជានខ្មែរជាអាទិភាព។ សម្តេចបានបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយថា គ្មានជនបរទេសណាដែលស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរនោះទេ។ នេះជាទស្សនវិជ្ជានយោបាយដ៏សំខាន់បំផុត ដែលធ្វើឱ្យមហាគ្រួសារខ្មែរយើងមានការបង្រួបបង្រួម ការផ្សះផ្សាជាតិពិតប្រាកដ និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់ពេលនេះ៕

អត្ថបទ៖ នារតី រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា