លោក គិត ម៉េង បង្ហាញក្បាច់ធ្វើឲ្យសល់លុយ និងជីវិតមានតម្លៃតាមរយៈពេលវេលា

លោក គិត ម៉េង បង្ហាញក្បាច់ធ្វើឲ្យសល់លុយ និងជីវិតមានតម្លៃតាមរយៈពេលវេលា

លោក គិត ម៉េង ជាអ្នកឧកញ៉ាជួរមុខនៅប្រទេសកម្ពុជា បានចេញមកចែករំលែកពន្យល់ពីពេលវេលាជាមាសប្រាក់ ហើយបានចោទជាសំនួរថា តើជីវិតរបស់អ្នកមានតម្លៃប៉ុន្មាន? តើអ្នកដឹងទេថារាល់របស់ ឬអ្វីៗដែលអ្នកទិញ គឺជាការចំណាយពេលវេលានៃជីវិតរបស់អ្នក?

លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក គិត ម៉េង បានពន្យល់ថា ប្រសិនបើអ្នកចំណាយ២ដុល្លារលើកាហ្វេប្រចាំថ្ងៃ នោះការចំណាយប្រចាំខែគឺ៦០ដុល្លារ។ នៅពេលអ្នករកបាន២០ដុល្លារក្នុងមួយម៉ោង អ្នកត្រូវចំណាយពេល៣ម៉ោងក្នុងមួយខែ សម្រាប់តែការទិញកាហ្វេ។ ទូរសព្ទដៃទំនើបថ្មីមួយដែលមានតម្លៃ១០០០ដុល្លារ ស្មើនឹង៥០ម៉ោងនៃការងារ។ អាហារពេលល្ងាចមួយដែលមានតម្លៃ៥០ដុល្លារ ធ្វើឱ្យមនុស្សម្នាក់ដែលរកបាន២០ដុល្លារក្នុងមួយម៉ោង ត្រូវធ្វើការ២ម៉ោងកន្លះ ដើម្បីចំណាយលើថ្លៃអាហារពេលល្ងាចនោះ។ 

តាមដានជាមួយយើង៖ Million Times

លោកកត់សម្គាល់ថា របៀបបំបែកចំណាយតាមវិធីនេះឆ្លុះឱ្យឃើញនូវការចំណាយពិតប្រាកដទៅលើរបស់ ឬវត្ថុទាំងនោះ។ ដូច្នេះ រាល់ការទិញនីមួយៗមិនគ្រាន់តែជាការចំណាយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តាក់ទុនដ៏សំខាន់នៃពេលវេលារស់នៅរបស់អ្នកផងដែរ។

ថៅកែក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរូបនេះ បានលើកឡើងបន្តថា រាល់ការចំណាយប្រាក់បង្ហាញឱ្យឃើញនូវពេលវេលាដែលយើងរស់នៅ។ ដោយទទួលស្គាល់ចំណុចនេះ អ្នកអាចធ្វើឱ្យមានជម្រើសច្រើនដែលអ្នកគិតទុកជាមុន ចំពោះរបៀបនៃការបែងចែកធនធានរបស់អ្នក។ ជាជាងការដោះដូរម៉ោងពេលនៃជីវិតរបស់អ្នកទៅលើទំនិញ ឬរបស់អ្វីមួយ អ្នកអាចជ្រើសរើសការវិនិយោគ ទៅលើអ្វីដែលពិតជាសំខាន់សម្រាប់អ្នក។ 

លោកថា នៅចុងបញ្ចប់ គោលដៅធំគឺត្រូវចំណាយពេលវេលារបស់អ្នកតាមវិធីនានាដែលអាចបង្កើនគុណភាពជីវិត ផ្តល់នូវសមិទ្ធផល និងនាំមកនូវភាពរីករាយដល់អ្នក ជាជាងគិតតែជាប់ខ្លួនក្នុងវដ្តនៃការងារ និងការទិញដូររបស់គ្មានទីបញ្ចប់។

អត្ថបទ៖ ផល កុសល រូបភាព៖ ហ្វេសប៊ុកលោក គិត ម៉េង