បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់

បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់

បណ្ឌិត គិន ភា បានគូសបញ្ជាក់ថា ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅ​ឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។

ការលើកឡើងរបស់បណ្ឌិត គិន ភា ទំនងជាចង់សំដៅដល់ក្រុមជ្រុលនិយមអ្នកលេងបណ្តាញសង្គមនៅប៉ុន្មានថ្ងៃនេះបានបង្ហោះសាររិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម CLV ថាគឺជាគោលការណ៍កាត់ទឹកដីនៃខេត្តចំនួន៤របស់កម្ពុជាទៅឲ្យប្រទេសវៀតណាម។ ជុំវិញបញ្ហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ប៉ុន្តែបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

តាមដានជាមួយយើង៖ Million Times

ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលរិះគន់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) បណ្ឌិត គិន ភា បានលើកឡើងថា ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់​យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែ​ពង្រឹងនិងអភិវឌ្ឍ​សមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង​ ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិ និង​មានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច។

លោកគូសបញ្ជាក់ថា សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះ វាក៏អាចខុសតគ្នាដែរ។

ជាមួយគ្នានេះដែរលោកបណ្ឌិតក៏បានក្រើនរំលឹកថា បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗ!បែបនេះគឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ។ 

តាមរយៈថ្លែងសារពិសេសកាលពីថ្ងៃទី២៣កក្កដាម្សិលមិញ សម្តេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។

សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ