លោក អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគទុនទុកជូនមនុស្សជំនាន់ក្រោយ

លោក អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគទុនទុកជូនមនុស្សជំនាន់ក្រោយ

ក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។

ការតាំងពិព័រណ៍នេះ មានស្តង់សរុប ចំនួន១៥០ ក្នុងនោះរួមមានស្តង់មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្ត, ស្តង់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ, ស្តង់ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, ក្រុមអ្នកប្រមាញ់រូបភាពជីវៈចម្រុះ និងយុវជនអ្នកស្រឡាញ់បរិស្ថាន។

តាមដានជាមួយយើង៖ Million Times

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ចាក់ថា ពិព័រណ៍នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏ធំដំបូងគេជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ក្រសួងបរិស្ថាន ឆ្លើយតបនឹងយុទ្ធនាការ «ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» របស់ក្រសួង ដែលតម្រូវឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំង២៥ បណ្តុះកូនឈើឱ្យបាន ១០ម៉ឺនក្នុង ១ឆ្នាំក្នុង ១មន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជន ពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។ 

លោកថ្លែងថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់គ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ លោកថា «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត  ភាពបៃតង  ធ្វើយ៉ាងណាឱ្យមានចីរភាព តាមរយៈការបណ្តុះ ពន្លកនៃភាពស្អាត ពន្លកនៃភាពបៃតង» នេះជាបន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេល វែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងបរិស្ថាន