នាយករដ្ឋមន្ត្រី ព្រមានដល់អ្នកចង់កាប់ទន្ទ្រានដីនៅជុំវិញបឹងទន្លេសាបថា កុំចង់សាកជាមួយរដ្ឋាភិបាលថ្មី

នាយករដ្ឋមន្ត្រី ព្រមានដល់អ្នកចង់កាប់ទន្ទ្រានដីនៅជុំវិញបឹងទន្លេសាបថា កុំចង់សាកជាមួយរដ្ឋាភិបាលថ្មី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់អ្នកចង់កាប់ទន្ទ្រានដីនៅជុំវិញបឹងទន្លេសាប សូមកុំចង់សាកជាមួយរដ្ឋាភិបាលថ្មីឲ្យសោះ។ ការព្រមាននេះ ធ្វើឡើងក្នុងទិវាមច្ឆជាតិលើកទី ១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមកអាជ្ញាធរទន្លេសាប និងក្រសួងពាក់ព័ន្ធ​ រួមមាន៖ ក្រសួងធនធានទឹក, ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ​បានបន្តដឹកនាំការងារដើម្បីចុះបញ្ជីបោះបង្គោលព្រំដីនៅជុំវិញបឹងទន្លេសាប។

សម្ដេចបន្ថែមថា កន្លងមក មានការកាប់ទន្ទ្រានដីនៅជុំវិញបឹងទន្លេសាបមួយចំនួន តែត្រូវបានចាត់វិធានការជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្ដេច បានបន្តណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវអនុវត្តឲ្យបានតឹងរឹងបំផុត ទៅលើវិធានការការពារតំបន់បឹងទន្លេសាប។

តាមដានជាមួយយើង៖ Million Times

បើតាមសម្ដេចនាយករដ្ឋមន្ត្រី នាពេលកន្លងមក មានការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលទន្ទ្រានដី នៅជុំវិញបឹងទន្លេសាបមួយចំនួនរួចហើយ ហើយកិច្ចការនេះ នឹងបន្តធ្វើបន្តទៀត ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងមានការដាក់ចេញនូវវិធានការជាច្រើនផ្សេងទៀត។

សម្ដេចធិបតី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីនៅជុំវិញបឹងទន្លេសាប ព្រោះការកាប់ទន្ទ្រាននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី នៅតំបន់បឹងទន្លេសាប។

សម្ដេច ថ្លែងថា «អញ្ចឹងត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នាដើម្បីដាំព្រៃ ដាំដើមឈើឡើងវិញ ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ មិនចប់ទេ»។

នៅក្នុងឱកាសនេះ សម្ដេចធិបតី ក៏បានបញ្ជូនសារទៅកាន់បុគ្គលខិលខូចមួយចំនួនថា កុំចង់សាកជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយយុវជនបន្តវេនថា មិនហ៊ានចាត់វិធានការទៅលើក្រុមពួកខ្លួនឲ្យសោះ។ សម្ដេចបញ្ជាក់ទៀតថា រដ្ឋាភិបាល នឹងបន្តចាត់វិធានការក្ដៅទៅលើអ្នកកាប់ទន្ទ្រានដីជុំវិញបឹងទន្លេសាប ព្រោះជាកាតព្វកិច្ចរបស់អ្នកដឹកនាំប្រទេស៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី