លោក គួច ចំរើន បង្ហោះសារមានន័យពេលកាន់ដំណែងជាអភិបាលខេត្តកណ្តាលនៅថ្ងៃដំបូង

លោក គួច ចំរើន បង្ហោះសារមានន័យពេលកាន់ដំណែងជាអភិបាលខេត្តកណ្តាលនៅថ្ងៃដំបូង

នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក គួច ចំរើន ត្រូវចូលកាន់ដំណែងជាអភិបាលខេត្តកណ្តាលជាផ្លូវការ តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រ។ ជាមួយគ្នានេះ នៅលើបណ្តាញសង្គមលោកបានរៀបរាប់ត្រួសៗពីបទពិសោធន៍ការងារអស់រយៈពេលជាង១០ឆ្នាំ រួមទាំងអារម្មណ៍របស់លោកផ្ទាល់ផងដែរ។

លោកបានសរសេរថា៖ “អ្នកកណ្តាល​ សុំផ្ញើរខ្លួននិងការងារជោគជ័យផង​។ ក្នុងរយៈពេល១០ឆ្នាំ​ខ្ញុំបានប្តូរការងារ៦កន្លែង​ ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម​-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។

តាមដានជាមួយយើង៖ Million Times

ការងារច្រើនកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន​ ទំនាក់ទំនងក៏ច្រើន​​ ស្គាល់សង្គមនិងមនុស្សក៍ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក។”

លោក គួច ចំរើន កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ នៅឆ្នាំ១៩៩០ លោក គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទ័ព ប្រទេសវៀតណាម។  នៅឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាល​សាធារណៈ​ផងដែរ។

លោកក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការJICAលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើផ្នែកច្បាប់ភូមិបាល ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពលើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង ពី UNIVERSITY OF SANFRANCISCOលើច្បាប់បោះឆ្នោត ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាលថែមទៀតផង៕

អត្ថបទ៖ នារតី