ពូកែមែន! ច្នៃក្រដាសកាសែតជារូបចម្លាក់ស្អាតៗ ហើយជួយបង្កើតការងារដល់ជនគរថ្លង់ថែមទៀត

ពូកែមែន! ច្នៃក្រដាសកាសែតជារូបចម្លាក់ស្អាតៗ ហើយជួយបង្កើតការងារដល់ជនគរថ្លង់ថែមទៀត

រូបចម្លាក់ក្បាលព្រហ្ម រូបដំរី រូបក្បាលក្របី និងចម្លាក់ផ្សេងៗជារចនាបទខ្មែរទាំងនេះបើមើលមួយភ្លែតគេអាចគិតថាសង់អំពីដីឥដ្ឋឬថ្មស៊ីម៉ង់ជាដើម។ តែតាមពិតទៅ រូបចម្លាក់ស្អាតៗទាំងនេះគឺធ្វើអំពីក្រដាសការសែតដែលកើតចេញពីគំនិតកូនខ្មែរមួយក្រុមនៅខេត្តសៀមរាប។

លោក ស៊ាប រតនៈ អ្នកគ្រប់គ្រងទូទៅនៃហាងលក់វត្ថុអនុស្សាវរីយ៍សិល្បៈ Jayav Art ប្រាប់ថា ការធ្វើរូបចម្លាក់ពីក្រដាសការសែតនេះដំបូងឡើយគឺលោករៀនពីជនជាតិបារាំងម្នាក់ដែលស្នាក់នៅស្រុកខ្មែរនេះអស់ពេលជាង១០ឆ្នាំមកហើយ។ ក្រោយពីហាត់រៀនតិចនិកនៃការធ្វើចម្លាក់នោះចេះហើយ លោកក៏បានបង្កើតជាហាងលក់វត្ថុអនុស្សាវរីយ៍សិល្បៈនេះឡើងនៅឆ្នាំ២០១០ ដែលក្រុមការងាររបស់លោកមានចំនួន៤នាក់ ក្នុងនោះក៏មានជនគរ ថ្លង់ផងដែរ។

តាមដានជាមួយយើង៖ Million Times

ចំពោះការផលិតគឺលោកជ្រើសយកក្រដាសការសែត ឬក្រដាសរាមមកកិនដោយម៉ាស៊ីនឲ្យម៉ត់។ បន្ទាប់មកយកទៅត្រាំទឹកប្រហែល១០ទៅ២០នាទី រួចយកទៅកិនជាមួយម៉ាស៊ីនម្តងទៀតឲ្យម៉ត់ល្អ។ ក្រោយមក ត្រូវយកក្រដាសទាំងនោះមកពូតទឹកចេញរួចលាយជាមួយកាវឲ្យវាមានសភាពរឹងមាំ។ ចាក់ក្រដាសទាំងនោះទៅក្នុងពុម្ពតាមរចនារូបដែលចង់បាន ហើយយកទៅហាលថ្ងៃរយៈពេល ៥-៦ ថ្ងៃ។ លោកបញ្ជាក់ថា ប្រសិនបើថ្ងៃរះល្អ រូបចម្លាក់ឆាប់ស្ងួតល្អទៅតាមនោះដែរ តែបើថ្ងៃរះមិនសូវល្អទេ ការហាលអាចចូលទៅមួយសប្តាហ៍ឬច្រើនជាងនេះក៏មាន។ រូបចម្លាក់តូចធំ ប្រើពេលវេលាធ្វើមិនដូចគ្នាទេ វាអាចធន់នឹងកម្តៅថ្ងៃបាន តែបើប្រភេទមួយទៀតប្រភេទអាឡាក់ឃ័រគឺវាមិនអាចធន់នឹងកម្តៅថ្ងៃបានយូរឡើយ ព្រោះអាចនឹងស្លេកពណ៍។ សម្រាប់រូបចម្លាក់ខ្មែរបែបណាក៏ក្រុមលោកអាចទទួលធ្វើបានដែរ តាមការចង់បានពីអតិជនកុម្មង់ ។ ចម្លាក់ពីក្រដាសនេះវាមានទម្ងន់ស្រាល ស្រួលដាក់តាមខ្លួនបាននិងមានរូបរាងស្អាតទាក់ទាញព្រមទាំងតម្លៃសមរម្យអាចទទួលយកបាន។

យ៉ាងណាក្តី រូបចម្លាក់ដែលធ្វើពីដៃសាងពីក្រដាសការសែតនេះនៅមិនទាន់មានដាក់លក់ទូលំទូលាយក្នុងស្រុកខេត្តទូទាំងប្រទេសកម្ពុជានៅឡើយទេ ។ បច្ចុប្បន្នបានដាក់លក់នៅខេត្តសៀមរាប បាត់ដំបង និងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញប៉ុណ្ណោះ។ សម្រាប់នៅក្រៅប្រទេសវិញ មានអតិថិជនមកជាវយកទៅលក់បន្តផងដែរដូចជានៅប្រទេសបារាំង សឹង្ហបុរី ជាដើម។ វត្ថុអនុស្សាវីយ៍នៅហាងរបស់លោក ទទួលបានការគាំទ្រពីភ្ញៀវបរទេសច្រើនជាងខ្មែរ ពិសេសគឺជនជាតិបារាំងតែម្តង។

លោក​ ស៊ាប រតនៈ សង្ឃឹមថាស្នាដៃកូនខ្មែរធ្វើអំពីក្រដាសការសែតមួយនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនគ្រប់ទិសទី ដើម្បីជាកម្លាំងចិត្តបន្តផលិតផលក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយ៕

អត្ថបទ៖ នារតី