រដ្ឋមន្ត្រីយុត្តិធម៌ នឹងស្នើដាក់ឈ្មោះអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនមិនអាចស្នើសុំលើកលែងទោស

រដ្ឋមន្ត្រីយុត្តិធម៌ នឹងស្នើដាក់ឈ្មោះអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនមិនអាចស្នើសុំលើកលែងទោស

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសថា នឹងស្នើដាក់ឈ្មោះអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស ២នាក់ និងរងរបួស ២នាក់ ក្នុងបញ្ជីឧក្រិដ្ឋជនមិនអាចស្នើសុំបន្ទូរបន្ថយទោស និងលើកលែងទោស។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ២៦ ខែមិថុនានេះ។

លោក កើត រិទ្ធ បានថ្លែងថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ទូរបន្ថយទោស និងលើកលែងទោស, លោកនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះលោក ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស ២នាក់ និងរងរបួស ២នាក់ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចស្នើសុំបន្ទូរបន្ថយទោស និងលើកលែងទោស។ 

លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ការស្នើយ៉ាងដូច្នេះ គឺដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោសនៅពន្ធនាគារឲ្យបានធ្ងន់ធ្ងរ ស័ក្ដិសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្តស្របតាមគោល ការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌។

លោកបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា តាមផ្លូវច្បាប់កាលណាទណ្ឌិតអនុវត្តទោស បាន ១ភាគ ៣ គាត់មានសិទ្ធិស្នើសុំបន្ទូរបន្ថយ ប៉ុន្តែគណៈកម្មការជាតិក៏មានសិទ្ធិក្បៀស នូវទណ្ឌិតដែលសាហាវៗមួយចំនួន ដូចជាករណីភេរកម្ម ករណីដូចជាកន្លងទៅអនីតិជនដែលរំលោភ បំពានផ្លូវភេទ ដូចជាឪពុករំលោភកូនបង្កើតអីហ្នឹងគឺថា គឺអត់ជាកម្មវត្ថុនៃការបន្ធូរបន្ថយទេ»។

ករណីលោក ស្រី ស៊ីណា ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ករណីនេះជា ២ សំណុំរឿង ដោយសំណុំរឿងទី ១ ចោទប្រកាន់ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំ។ សំណុំរឿងទី ២ ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឲ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះ នឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម