យកខ្សែប្រយុទ្ធពីក្រុងភ្នំពេញទៅ ២នាក់ សុទ្ធតែខ្លឹមកាន់តំណែងអភិបាលខេត្តអាណត្តិថ្មី

យកខ្សែប្រយុទ្ធពីក្រុងភ្នំពេញទៅ ២នាក់ សុទ្ធតែខ្លឹមកាន់តំណែងអភិបាលខេត្តអាណត្តិថ្មី

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ត្រាស់បង្គាប់តែងតាំងអភិបាលខេត្តចំនួន២ គឺខេត្តកំពង់ធំ និងឧត្តរមានជ័យ ដែលសុទ្ធតែចេញពីអភិបាលរងរាជធានីភ្នំពេញ។

អភិបាលរងក្រុងភ្នំពេញទាំង២រូប សុទ្ធតែត្រូវបានគេមើលឃើញថាជាធនធានដ៏ខ្លឹមក្នុងការបំពេញតួនាទី។ លើសពីនេះអ្នកទាំងពីរក៏ជាយុវជនដែលមានបទពិសោធន៍ច្រើនឆ្នាំផងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី១ លោក នួន ផារ័ត្ន តែងតាំងជាអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ ដែលត្រូវតែងតាំងមកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មុនទទួលការតែងតាំងលោក នួន ផារ័ត្ន ជាអភិបាលរងរាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

ទី២ លោក មាន ចាន់យ៉ាដា បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ បន្តមកកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ជាម ច័ន្ទសោភ័ណ្ឌ ផ្លាស់ប្តូរមកកាន់អភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក វ៉ី សំណាង មកកាន់តួនាទីអភិបាលខេត្តតាកែវ ជំនួសលោក អ៊ុច ភា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

យោង​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ តំណែង​អភិបាល​រាជធានី​ខេត្ត​​ត្រូវ​​​ជ្រើស​រើស​​ចេញ​ពី​នៅ​​ក្នុង​ចំណោម​មន្ត្រី​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។

តាម​មាត្រា១៤៧ ក៏​បាន​កំណត់អណត្តិ​អភិបាលរាជធានី​ខេត្ត​ មិនឲ្យ​លើសពីបួន (០៤) ឆ្នាំ និង​អាចទទួល​បានការ​តែងតាំង​​បានបួន (០៤) ឆ្នាំទៀត សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ សង្គម