អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា

អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា

អ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា គួរតែបញ្ឈប់ការផ្សាយព័ត៌មានពាក់ព័ន្ធនឹងឃាតកម្មរបស់ឧកញ៉ាម្នាក់ដែលបានចូលទៅបាញ់រះដល់ក្នុងផ្ទះបណ្តាឲ្យមានមនុស្សស្លាប់និងរងរបួស ស្ថិតនៅបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ គឺវាមិនចំណេញអ្វីដល់កម្ពុជានោះទេ។

លោកបណ្ឌិត យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងថា គួរបញ្ឈប់ជញ្ជ្រំផ្សាយព័ត៌មានឃាតកម្មរបស់ឧកញ៉ាហ្នឹងទៅ វាគ្មានចំណេញអ្វីដល់នយោបាយកម្ពុជា ជាអន្តរជាតិទេ។ លោកថា ប្រទេសកម្ពុជា មិនមែនជាសម្បុកឃាតកម្មនោះទេ…។ ជាមួយគ្នានេះលោកដាក់ជាសំនួរថា ហេតុអ្វីយើងជាពលរដ្ឋខ្មែរ ត្រូវផ្សាយអាក្រក់ពីខ្លួនឯងច្រើនជាងការផ្សាយមាតិកាល្អៗ? គិតឡើងវិញ។

តាមដានជាមួយយើង៖ Million Times

ចំណែកឯអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង ក៏បានលើកឡើងគូសបញ្ជាក់ដែរថា សាព័ត៌មានអាចរស់បានគឺពឹងលើការផ្សាយពាណិជ្ជកម្ម តែមិនសូវតាមពីរឿងការតាំងពិពណ៌សេដ្ឋកិច្ចទេ បើព័ត៌មានអាស្រូវវិញតាមផ្សាយដល់ទីបញ្ចប់។ លោកបន្តថា ការចូលរួមទាក់ទាញនិងផ្សព្វផ្សាយពីពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា គឺជាការរក្សានិងបង្កើតឆ្នាំងបាយរួមផលប្រយោជន៍រួម…។

ពាក់ព័ន្ធនឹងការដកហូតគោរមងារឧកញ៉ាពីជនល្មើលដែលមានគោរមងារឧកញ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោយបុគ្គលរូបនេះបើកការវាយប្រហារបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃត្រង់ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា គោរមវន្តឧកញ៉ា គ្រាន់តែជាគោរមងារតែប៉ុណ្ណោះ បើប្រព្រឹត្តល្មើសច្បាប់មានទោសដូចតែប្រជាពលរដ្ឋទូទៅ

សម្រាប់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានលើកឡើងជាកំណាព្យយ៉ាងដូច្នេះថា «ម្ចាស់ក្បត់ងារ ឧកញ៉ាងារមនុស្សខ្ពង់ខ្ពស់ក្រៃ ងារចមក្សត្រថ្លៃប្រោសប្រទាន ជូនសប្បុរសជនជាអ្នកមាន លះបង់ធនធានដើម្បីជាតិ។ រកស៊ីសុចរិតគិតគុណធម៌ គោរពសីលធម៌មនសិការជាតិ គោរពច្បាប់រដ្ឋមិនរវាត មិនឆ្លៀតមិនគៃបន្លំរាស្ត្រ។ ឥឡូវម្ចាស់ងារប្រែខ្លះហើយ មានរឿងមិនស្បើយធ្វើបាបរាស្ត្រ មានបោកមានបាញ់ឱ្យវិនាស មានប្លន់ដីរាស្ដ្រលុបបឹងបួ។ កាប់ព្រៃចាក់ដីចូលទន្លេ គ្មានទេពាក្យថាគុណធម៌ មានតែនាំទុក្ខស្រុកវឹកវរ អាសូរសីលធម៌ស្លាប់បាត់ហើយ។ មិនគួរឡើយសោះព្រោះមហិច្ឆតា មិនមាននរណាក្នុងចិត្តឡើយ កេរ្តិ៍ឈ្មោះទ្រព្យធនរលាយហើយ មិនគួរណាឡើយម្ចាស់ក្បត់ងារ»។

អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ឈត ប៊ុនថន យល់ឃើញថា «គោរមងាជាឧកញ៉ា ជាអ្នកមានទ្រព្យសម្បត្តិច្រើន ដែលពួកគេភាគច្រើនជាអ្នកគ្រប់គ្រងអាជីវកម្មដូច្នេះហើយពួកគេអាចជួយបង្កើតការងារដល់ប្រជាជនក្នុងការរកចំណូលបន្ថែម។ មិនតែប៉ុណ្ណោះ សកម្មភាពនៃការចូលរួមឧបត្ថម្ភរបស់ឧកញ៉ាទាំងអស់ក៏ជួយអភិវឌ្ឍសង្គមជាតិផងដែរ»។

កំណើនចំនួនឧកញ៉ានៅកម្ពុជាមានការឡើងគិតត្រឹមពាក់ឆ្នាំ២០២៤ បើតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយនាពេលថ្មីៗនេះ។ ចំនួនអតិផរណាឧកញ៉ាកើនឡើងនាពេលនេះ ថ្លែងប្រាប់គេហទំព័រ Million Times លោកបណ្ឌិត ឈត ប៊ុនថន គូសបញ្ជាក់ថា កំណើននៃឧកញ៉ានៅកម្ពុជាមិនបង្កជាបញ្ហាចោទនោះទេ ប្រសិនបើឧកញ៉ាទាំងអស់ប្រកបរបរសុច្ចរិត ហើយបានរួមចំណែកជួយសង្គមសេដ្ឋកិច្ចជាតិក្នុងន័យត្រឹមត្រូវ។ បន្ថែមពីនេះ កំណើនជាបន្តបន្ទាប់នៃចំនួនឧកញ៉ានៅកម្ពុជា អាចបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។

បន្ថែមពីលើនេះ លោក យ៉ង ពៅ ក៏បានសំណូមពរដល់ទាំងព័ត៌មានអាជីព ទាំងព័ត៌មាន MMO និងទាំងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញ ទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមបណ្ឌិត យ៉ង ពៅ, គិន ភា, ឈត ប៊ុនថន, អ្នកឧកញ៉ា លឹម ហេង