ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង

ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង

ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីថៃបានបញ្ជាក់នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

កាលពីថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ លោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ។ 

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ ភាគីថៃបានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។  ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។ 

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាល កម្ពុជាបានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ មានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន» ។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត ស្មើប្រមាណ ១៩លានដុល្លារអាមេរិក។

តាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឲ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ