បន្ទាប់ពីអនុម័តថវិកា ៤លានដុល្លារ ឥឡូវការបោះបង្គោលព្រំតំបន់៣ សម្រេចបាន ៣០%ជុំវិញបឹងទន្លេសាប

បន្ទាប់ពីអនុម័តថវិកា ៤លានដុល្លារ ឥឡូវការបោះបង្គោលព្រំតំបន់៣ សម្រេចបាន ៣០%ជុំវិញបឹងទន្លេសាប

អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានប្រមាណចំនួន ៣០% នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។ នេះបើតាមការបញ្ជាក់ពីមន្រ្តីអាជ្ញាធរទន្លេសាបចុះពិនិត្យទីតាំងនិយាមកាបោះបង្គោលព្រំ និងស្ថានភាពព្រៃលិចទឹកក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាពេលកន្លងទៅ។

ការបោះបង្គោលព្រំតំបន់៣ ពីអាជ្ញាធរទន្លេសាប ធ្វើឡើងបន្ទាប់ពីបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឲ្យរៀបចំធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលតំបន់១ តំបន់២ និងតំបន់៣ ឱ្យបានត្រឹមត្រូវ និងសុក្រឹតភាព ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលពិធីបិទ «សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤» របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរ​ទន្លេសាប សម្តេច ហ៊ុន ម៉ាណែត បានណែនាំឲ្យទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ ៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ និង តំបន់ ៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ និងបឹងបួរ នៅទូទាំងប្រទេស។

បើតាមប្រមុខរាជរដ្ឋាភិបាល សម្តេចបានអនុម័តថវិកា ៤លានដុល្លារដើម្បីជាជំ​ហានមួយក្នុងការបោះបង្គោលនៅក្នុងការកំណត់តំបន់ ៣នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីការពារផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ។

សម្តេចលើងឡើងថា៖ «បឹងទន្លេសាបជាបឹងធំនៅអាស៊ី ជាជម្រកត្រីពង មានប្រព័ន្ធអេកូឡូស៊ី ធានាឱ្យការរស់នៅនៃត្រី ក៏ដូចជាប្រព័ន្ធអេកូ system ជាច្រើនដែលជួយដល់ប្រទេសយើង។ យើងត្រូវធានាគោលការណ៍ក្នុងការវាស់ឲ្យបានច្បាស់លាស់ កន្លែងណាដែលបានប្រែក្លាយពីតំបន់ ៣ ទៅតំបន់ ២ កន្លែងណាដែលប្រែពីតំបន់ ២ ទៅតំបន់ ១ កន្លែងណាដែលយើងត្រូវកាត់ឆ្វៀលជូនប្រជាជន កន្លែងណាដែលត្រូវប្រើប្រាស់ តែគ្មានសិទ្ធចេញប័ណ្ណ និងកន្លែងណាដែលត្រូវអភិរក្សរយៈពេលវែង។ យើងត្រូវពិនិត្យឡើងវិញពីស្ថានភាពជាក់ស្តែង ដើម្បីឲ្យមានចីរភាព។ មន្ត្រីប៉ុន្មានរយនាក់ ពីថ្នាក់ជាតិនិងថ្នាក់ខេត្ត រួមគ្នាធ្វើ ប៉ុន្តែអ្នកបានផលពីបឹងទន្លេសាបមាន ១៧ លាននាក់ ឬសំរាប់ ៣០លាននាក់ទៅថ្ងៃក្រោយ ។ ទាំងផលត្រីនៅក្នុងនោះ ទាំងផលពីវិស័យទេសចរណ៍ដែលពាក់ព័ន្ធ ហើយមិនមែនតែមនុស្សទេ សត្វនៅក្នុងទឹកក៏មានជម្រក … យើងត្រូវបន្តធ្វើ»៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ អាជ្ញាធរទន្លេសាប