មន្រ្តីក្រសួងមហាផ្ទៃអះអាងថា យន្តការច្រកចេញចូលតែមួយកំពុងចងចិត្តពលរដ្ឋ

មន្រ្តីក្រសួងមហាផ្ទៃអះអាងថា យន្តការច្រកចេញចូលតែមួយកំពុងចងចិត្តពលរដ្ឋ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយហាក់កំពុងឡើងកូដខ្លាំង និងចងចិត្តពីប្រជាពលរដ្ឋ

មន្រ្តីរូបនេះអះអាងថា មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។

តាមដានជាមួយយើង៖ Million Times

នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យបានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តធំៗចំនួន ៥គឺ ដំណាក់កាលទី១ កាលសិក្សាពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុប ហើយបានដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប កាលណោះមិនទាន់បង្កើតជាក្រុង។

ដំណាក់កាលទី២ ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យ ប្រជាពលរដ្ឋនៅស្រុកទាំងពីរ ដែលទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួង ស្ថាប័នចំនួន៨ ខណៈដំណាក់កាលទី៣ ការពង្រីក វិសាលភាពការិយាល័យច្រកចេញចូលតែមួយទៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន៣៦គោលដៅ នៅទូទាំងប្រទេស។

ចំណែកដំណាក់កាលទី៤ ការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានទៅកាន់ស្រុកគោលដៅចំនួន ១០បន្ថែម និងខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌបន្ថែមទៀត។ ដំណាក់កាលទី៥ គឺផ្អែកលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តទាំង៤ដំណាក់កាល ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានសម្រេចបង្កើតឡើងនៅទូទាំងប្រទេស។

ក្នុងសន្និសីទកាសែតដដែលនោះ សួស ប្រាថ្នា បានអះអាងថា បច្ចុប្បន្ន យន្តការច្រកចេញចូលតែមួយត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា នៅនីតិកាលថ្មីនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕

អត្ថបទ៖​សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ