សម្ដេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅសិង្ហបុរី ដើម្បីពង្រីកកិច្ចសហការលើវិស័យជាច្រើន

សម្ដេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅសិង្ហបុរី ដើម្បីពង្រីកកិច្ចសហការលើវិស័យជាច្រើន

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែមិថុនាស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីរយៈពេល ២ថ្ងៃ ដែលតបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អមដំណើរសម្តេចនាយករដ្ឋមន្ត្រី រួមមាន៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

បើតាមក្រសួងការបរទេស សម្តេចនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

បន្ថែមទៀតនោះនាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការ។

បើតាមក្រសួងការបរទេសដដែល ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយលោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតីសិង្ហបុរី និងលោក លី សៀនឡុង ទេសរដ្ឋមន្ត្រីសិង្ហបុរី ផងដែរ។

ក្រៅពីនេះទៀត សម្តេចនឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចក៏នឹងទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត (Electronics and Internet of Things) ព្រមទាំងទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi)៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស