គ្រោងពង្រីកការផ្ដល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តចំនួន ២ទៀត  

គ្រោងពង្រីកការផ្ដល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តចំនួន ២ទៀត  

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គ្រោងពង្រីកការផ្ដល់សេវាលិខិតឆ្លងដែនចំនួន ២ខេត្តទៀត ដើម្បីបង្ខិតសេវាសាធារណៈ ឲ្យនៅជិតប្រជាពលរដ្ឋ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

នៅក្នុងបទសម្ភាសន៍មួយជាមួយ ទូរទស្សន៍មហាផ្ទៃ កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក តុប នេត ​បានប្រាប់ឲ្យដឹងថា អគ្គនាយកដ្ឋានរបស់លោក គ្រោងនឹងពង្រីកសេវាធ្វើលិខិតឆ្លងដែន ទៅកាន់ខេត្តចំនួន ២ផ្សេងទៀត នោះគឺខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

មកដល់ពេលនេះ ការផ្ដល់សេវាធ្វើលិខិតឆ្លងដែន មានចំនួន ៥កន្លែង ដែលទីមួយនៅនាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅក្រោយវត្តនិរោធ, ទីពីរនៅផ្សារទំនើបអ៊ីអន ២, ទីបីនៅខេត្តកោះកុង, ទីបួននៅខេត្តបាត់ដំបង និងទីប្រាំនៅខេត្តបន្ទាយមានជ័យ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានកំពុងរៀបចំឧបករណ៍សម្ភារៈ និងបច្ចេកទេស ព្រមគោលការណ៍មួយចំនួន ដើម្បីព​ង្រីកសេវាធ្វើលិខិតឆ្លងដែន នៅខេត្តចំនួន ២ទៀតនេះ​ ដោយលោកឧត្តមសេនីយ៍ឯក តុប នេត ​បានបញ្ជាក់​ថា ក្នុងត្រីមាសទី ៣ ឬអាចត្រីមាសទី ៤ ឆ្នាំនេះយ៉ាងយូរ ដំណើរការផ្ដល់សេវាឆ្លងដែនក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប នឹងអាចចាប់ផ្ដើមបានហើយ។

លោកបញ្ជាក់ទៀតថា ការផ្ដល់ពង្រីកការផ្ដល់សេវាធ្វើលិខិតឆ្លងដែន ក្នុងខេត្តចំនួន ២បន្ថែមទៀត គឺដើម្បីបង្ខិតសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ