ABA ចេញមកបញ្ជាក់រឿងស្រីអូនស្នើសុំផ្ទេរប្រាក់ពីគណនីអតីតស្វាមីលោក ឈាង រ័ត្ន មកកាន់កុងធនាគារផ្ទាល់ខ្លួន

ABA ចេញមកបញ្ជាក់រឿងស្រីអូនស្នើសុំផ្ទេរប្រាក់ពីគណនីអតីតស្វាមីលោក ឈាង រ័ត្ន មកកាន់កុងធនាគារផ្ទាល់ខ្លួន

ថ្មីៗនេះ លោកស្រី នួន សុន្ទរី ហៅស្រីអូន បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយស្នើសុំឲ្យធនាគារ ABA របស់ប្រទេសកាដាណានៅកម្ពុជាផ្ទេរប្រាក់មកកាន់គណនីរបស់លោកស្រី ខណៈលោកស្រីបានអះអាងថា តុលាការបានចេញសាលក្រមសម្រេចជាស្ថាពរឲ្យលោកស្រីមានសិទ្ធគ្របគ្រង និងចាត់ចែងលេីទ្រព្យក្នុងកុងធនាគាររបស់អតីតស្វាមី គឺលោក ឈាង រ័ត្ន ដែលបានទទួលមរណភាព។

នៅថ្ងៃទី១៣ ខែមិថុនានេះ ធនាគារ ABA ចេញសារយ៉ាងវែងអន្លាយឆ្លើយតបនឹងការស្នើសុំរបស់លោកស្រី សុន្ទរី ហៅស្រីអូនក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា ABA ពិតជាយល់ច្បាស់ណាស់ថា នីតិវិធីអាចនឹងមានភាពស្មុគស្មាញ ប៉ុន្តែយើងត្រូវតែអនុវត្ត​តាមក្របខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ដំណោះស្រាយដោយរលូន និងសុវត្ថិភាព។ 

ធនាគារ ABA បានបកស្រាយថា បុគ្គលិកធនាគារខ្លួនបានជួបពិភាក្សាជាមួយលោកស្រី ស្រីអូន នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ និងបានពិនិត្យឯកសាររបស់លោកស្រីដែលបានយកមកបង្ហាញ ដើម្បីជួយសម្រួលដល់ដំណើរការស្នើសុំនេះ។ ក្នុងជំនួបនោះ ធនាគារបានពន្យល់លោកស្រីយ៉ាងច្បាស់ និងក្បោះក្បាយថា ភាគីធនាគារត្រូវការឯកសារច្បាប់បន្ថែមទៀតពីតុលាការ ដើម្បីផ្ទេរសាច់ប្រាក់ចេញពីគណនីស្វាមីជូនលោកស្រី។ លោកស្រីក៏បាន​យល់ព្រម និងទទួលយកការពន្យល់នោះដែរ។ 

ជាមួយគ្នានោះ ធនគារ ABA បញ្ជាក់ថា ខ្លួនក៏បានចេញលិខិតផ្លូវការមួយ ជូនលោកស្រីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដែលមានរៀបរាប់​នូវឯកសារតម្រូវ ដើម្បីដំណើរការផ្ទេរសាច់ប្រាក់នេះផងដែរ។ ទោះជាយ៉ាងណា លោកស្រីបានសម្រេចចិត្ត បង្ហោះ​ករណីនេះជាសាធារណៈទៅលើបណ្តាញសង្គម ដោយសុំឲ្យធនាគារផ្ទេរប្រាក់មកគណនីលោកស្រី ដែលការបង្ហោះបែបនេះ បានធ្វើឲ្យសាធារណជនមានការយល់ច្រឡំ ចំពោះឆន្ទៈរបស់ធនាគារ ABA។ 

ធនាគារ ABA បានគូសបញ្ជាក់ថា «យើងខ្ញុំយល់ច្បាស់ពីបញ្ហាលំបាករបស់អតិថិជនរូបនោះ។ ប៉ុន្តែ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យយើងខ្ញុំមានឯកសារត្រឹមត្រូវពីតុលាការ មុននឹងផ្ទេរប្រាក់ចេញពីគណនីបុគ្គលណាមួយ ដែលទទួល​មរណភាព។ ធនាគារ ABA កំពុងរង់ចាំទទួលឯកសារនេះពីអតិថិជន ដើម្បីពន្លឿននីតិវិធី​ដោះ​ស្រាយ​ករណីនេះ។ លើសពីនេះទៀត ធនាគារយើងខ្ញុំក៏ត្រៀមខ្លួនជានិច្ច ដើម្បីជួយអតិថិជនរូបនោះឲ្យឆាប់បានឯកសារតម្រូវពីតុលាការ»។

បន្ថែមទៀតនោះ ធនាគារ ABA បានប្រកាសថា ខ្លួននៅតែបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាធនាគារដ៏ល្អបំផុត និងធានាសុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ABA