សម្តេច ហ៊ុន ម៉ាណែត៖ សង្គមជាតិរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន

សម្តេច ហ៊ុន ម៉ាណែត៖ សង្គមជាតិរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការចូលរួមធ្វើឲ្យប្រទេសជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។ ការថ្លែងការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថា ពិភពលោកទាំងមូល ជាពិសេសយុវជនគ្រប់ៗរូប ក៏ចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នារួមក្នុងជោគវាសនាតែមួយ ហើយមានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន។

ក្នុងស្មារតីនេះ សម្តេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹកទៅកាន់យុវជនទាំងអស់ថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។ សម្តេចបានសង្កត់ធ្ងន់ថា «អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្ត ជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះបាន ឬមិនបាន។ ក្នុងន័យនេះ ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច»។

សម្តេចបានបន្តថា រាជរដ្ឋាភិបាលទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។ កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្ន ជាជាតិមួយមានសន្តិភាពពេញលេញ ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជាប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាននិងកំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។ បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ពេលនេះ ជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ។ ទន្ទឹមនេះ ក្រោមការចូលរួមរបស់យើងគ្រប់គ្នា យើងប្រាកដណាស់ថានឹងរីកចម្រើន ហើយយើងគ្រប់គ្នានឹងទទួលបានផ្លែផ្កាពីការរីកចម្រើននេះជាមួយគ្នា ។

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី