ក្រុមហ៊ុនមកពីអឺរ៉ុបបង្ហាញផែនការធ្វើភ្លៀងសិប្បនិម្មិតបំរើវិស័យកសិកម្ម

ក្រុមហ៊ុនមកពីអឺរ៉ុបបង្ហាញផែនការធ្វើភ្លៀងសិប្បនិម្មិតបំរើវិស័យកសិកម្ម

ក្រុមហ៊ុនមួយមកពីអ៊ឺរ៉ុបសិក្សាសក្តានុពលវិស័យកសិ-ឧស្សាហកម្ម និងកសិកម្មនៅប្រទេសកម្ពុជាដោយបង្ហាញនូវបច្ចេកវិទ្យាទំនើបធ្វើភ្លៀងសិប្បនិម្មិតសម្រាប់ស្រោចស្រពដំណាំង។

កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា គណៈប្រតិភូក្រុមហ៊ុន BAUER For Green World ដែលមានជំនាញក្នុងវិស័យធនធានទឹក បានជួបតំណាងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីបង្ហាញពីការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពតាមបែបដំណក់ទឹកភ្លៀង ដែលមានឈ្មោះថា Rainstar Irrigate ដោយបូមទឹកពីប្រភពទឹកក្រោមដី រុញបញ្ចូលទៅទុយយោមេ ហើយស្រោចពីលើប្រៀបដូចភ្លៀងធ្លាក់។

តាមដានជាមួយយើង៖ Million Times

លោក ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីស្ថានភាពវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកល។

លោកប្រាប់ភាគីក្រុមហ៊ុនថា ផ្ទៃដីស្រោចស្រពនៅក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិតនៅក្នុងតំបន់ទំនាប និងតំបន់ទំនាបលិចទឹក ដែលប្រព័ន្ធធាសាស្រ្តផ្តោតសំខាន់លើដំណាំស្រូវច្រើនជាងដំណាំផ្សេងៗ មានស្រូវដើមរដូវ ស្រូវប្រាំង និងបំពេញបន្ថែមនៅរដូវវស្សា។

លោកបានបញ្ជាក់ថា ឧបករណ៍ដែលក្រុមហ៊ុនបានធ្វើបទបង្ហាញពន្យល់ពីបច្ចេកទេស និងការប្រើប្រាស់ឧបករណ៍ ស្រោចស្រពតាម Rainstar អាចវិនិយោគលើដំណាំឧស្សាហកម្ម តាមរយៈគម្រោងសាកល្បងតូចៗ តាមសហគមន៍កសិករប្រើប្រាស់ទឹក។

ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការបានលើកជាយោបល់ឱ្យក្រុមហ៊ុនវិនិយោគនៅតាមខេត្តគោលដៅដែលមានសក្តានុពលមួយចំនួន ដូចជាខេត្តប៉ៃលិន និងខេត្តតំបន់ខ្ពង់រាបជាដើម ដែលមានសហគមន៍ដាំដំណាំឧស្សាហកម្មច្រើនប្រភេទ។

ជាមួយគ្នានេះ លោកបានណែនាំក្រុមហ៊ុនឱ្យធ្វើការសិក្សា និងលើកជាគម្រោងស្នើសុំថវិកាទៅរាជរដ្ឋាភិបាលអូស្រា្តលី ឬសហគមន៍អឺរ៉ុប ដើម្បីនាំយកឧបករណ៍ និងបច្ចេកវិទ្យាមកបំពាក់ដល់សហគមន៍កសិករប្រើប្រាស់ទឹក តាមប្រព័ន្ធធារាសាស្ត្រដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់និងបានសន្យាបន្តកិច្ចសហការនាពេលអនាគត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងឧតុនិយម