សៀមរាបនឹងដាំដើមឈើរាប់ម៉ឺនដើមលម្អតាមផ្លូវសំខាន់ៗ ដើម្បីលើកសម្រស់ក្លាយជាទីក្រុងឆ្លាតវៃ

សៀមរាបនឹងដាំដើមឈើរាប់ម៉ឺនដើមលម្អតាមផ្លូវសំខាន់ៗ ដើម្បីលើកសម្រស់ក្លាយជាទីក្រុងឆ្លាតវៃ

ខេត្តសៀមរាបគ្រោងដាំដើមឈើលម្អតាមដងផ្លូវសំខាន់ៗជាច្រើនម៉ឺនដើមដើម្បីរៀបចំសោភ័ណភាពក្នុងក្រុងសៀមរាបស្របតាមផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥ និងផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប ។ 

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានក្នុងក្រុងសៀមរាប លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ត្រូវធ្វើយ៉ាងណា ឲ្យខេត្តសៀមរាបធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋានរបស់ប្រជាពលរដ្ឋស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

លោក លី វណ្ណៈ នាយករដ្ឋបាលនិងជាអ្នកនាំពាក្យខេត្តសៀមរាប បានប្រាប់ Million Time ថា គម្រោងដាំដើមឈើរាប់ម៉ឺនដើមលម្អតាមដងផ្លូវនេះខាងរដ្ឋបាលសៀមរាបកំពុងសិក្សានិងដាក់ផែនការអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ដើមឈើដែលត្រូវយកមកដាំត្រូវបែងចែកទៅតាមប្រភេទតូចធំមានដូចជា ដើមត្របែកព្រៃ ដើមក្ងោក ឬដើមរំដួលដើម្បីជាម្លប់និងភាពស្រស់បំព្រង ហើយត្រូវការពេលសិក្សាបន្ថែមទៀតដើម្បីដាក់ដើមឈើធំតូចឲ្យស្របតាមប្រភេទផ្លូវសំខាន់ៗ។ 

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបក៏បានរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដោយមិនឲ្យមានលក់ដូរហៀរមកចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងទេ ដើម្បីងាយស្រួលសម្រាប់ភ្ញៀវទេសចរមកដើរកម្សាន្តនៅក្នុងខេត្តសៀមរាប៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសាធារណការ