មោទកភាព! កសិផលខ្មែរមានតម្លៃមួយចំនួននឹងត្រូវប្រើជាកាដូសម្រាប់ជូនថ្នាក់ដឹកនាំបរទេស

មោទកភាព! កសិផលខ្មែរមានតម្លៃមួយចំនួននឹងត្រូវប្រើជាកាដូសម្រាប់ជូនថ្នាក់ដឹកនាំបរទេស

កសិផលខ្មែរមានតម្លៃមួយចំនួនដែលត្រូវបានពិភពលោកទទួលស្គាល់ជាសាកលដូចជា គ្រាប់ស្វាយចន្ទី ស្វាយកែវរមៀត ម្រេចកំពត ស្រូវអង្ករជាដើម នឹងត្រូវប្រើជាកាដូសម្រាប់ជូនថ្នាក់ដឹកនាំបរទេសជាវត្ថុអនុស្សាវរីយ៍នៅពេលមានដំណើរទស្សនកិច្ចណាមួយ។ នេះបើតាមលោកស្រី  ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងក្នុងពិពរណ៍ភូមិ កសិផលខ្មែរ កាលពីថ្ងៃទី០១ មិថុនា ២០២៤ នៅផ្សារទំនើបជីពម៉ុង ២៧១។

ការរៀបចំបែបនេះក្នុងគោលបំណងលើកស្ទួយដល់ផលិផលកសិកម្មខ្មែរនិងអាចឲ្យបណ្តាថ្នាក់ដឹកនាំបរទេសទាំងអស់ភ្លក់បានភ្លាមៗជាមួយរសជាតិដ៏ឆ្ងាញ់និងអាចស្គាល់ពីផលិតផលខ្មែរបានកាន់តែច្បាស់។ នៅពេលពួកគេពេញចិត្ត វាជាឱកាសក្នុងការប្រូម៉ូដឈានទៅដល់ការវិនិយោគលើផលិផលកសិកម្មខ្មែរថែមទៀត។

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធនឹងរឿងនេះលោកស្រី ក៏បានពិភាក្សាជាមួយលោកស្រី ចម និម្មល ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មផងដែរ។ លោកស្រី ពេជ ចន្ទមុន្នី បន្ថែមថា កន្លងមកនៅពេលមានការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឬប្រតិភូបរទេស តែងតែមានជូនកាដូសម្រាប់ទុកជាអនុស្សាវរីយ៍ដូចជា សូត្រ ចម្លាក់ ផ្តិលប្រាក់ជាដើម។ ប៉ុន្តែបែរជាភ្លេចប្រូម៉ូដនូវផលិតផលកសិកម្មរបស់ខ្មែរដូចជាគ្រាប់ស្វាយចន្ទី  ស្វាយកែវរមៀត…ជូនពួកគាត់ទៅវិញ។

ចំពោះការលើកពីសំណើរនេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានបង្ហាញពីការគាំទ្រនិងសប្បាយចិត្តព្រោះបានបង្ហាញពីអត្តសញ្ញាណផង ជាការគាំទ្រផងដល់កសិផលក្នុងស្រុកនិងកសិករខ្មែរផងដែរ។

ក្នុងពេលកិច្ចសម្ភាសជាមួយគេហទំព័រ Million Times លោកបានបញ្ជាក់ថា កន្លងមកក្រសួងក៏បានអនុវត្តរួចហើយ ដោយតែងតែកែច្នៃយកកសិផលណាដែលមានឧត្តមនានុភាពខាងផ្នែកគុណភាព ដូចជា ស្រូវអង្ករដែលជាប់ចំណាត់ថ្នាក់លេខ១ច្រើនដងនៅលើពិភពលោក ស្វាយចន្ទីប្រភេទ M23 ដែលជាប្រភេទស្វាយចន្ទីដែលគេទទួលស្គាល់ថាជាប្រភេទល្អដាច់គេនៅក្នុងចំណោមស្វាយចន្ទីទូទៅ ម្រេចកំពតជាម្រេចដែលថ្លៃជាងគេបំផុតលើពិភពលោក មកធ្វើជាកាដូសម្រាប់ថ្នាក់ដឹកនាំបរទេស។

ក្រៅពីនេះ លោកបន្ថែមថា ៖ “ដីរបស់យើងមានអំណោយផលល្អ ដូច្នេះការពិចារណាយកកសិផលខ្មែររបស់យើងមកកែច្នៃឲ្យទៅជាកាដូដើម្បីទទួលភ្ញៀវ គឺជាលក្ខណៈពិសេស ។ ខ្ញុំគិតថាវាជារបស់តិចតួចតែមានអត្ថន័យជ្រាលជ្រៅ”៕

អត្ថបទ៖ នារតី
រូបភាព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ