តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករខ្មែរបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក

តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករខ្មែរបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។

​ក្នុងពិធីជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា «តាមរយៈស្នាដៃ និងទេពកោសល្យរបស់របស់សិល្បករខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅ កាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា, ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក»។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងបន្តថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់, សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈ តំណាងវប្បធម៌នៅលើឆាកជាតិ និង អន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ, ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

បន្ថែមទៀតនោះ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកដល់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា។

លើសពីនេះ សម្តេចស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើក ស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី