កម្ពុជា-ចិន ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រោះមាននីតិវិធីអនុវត្តស្រដៀងគ្នា

កម្ពុជា-ចិន ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រោះមាននីតិវិធីអនុវត្តស្រដៀងគ្នា

ក្នុងជំនួបរវាងគណៈប្រតិភូគណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ បក្សកុម្មុយនិស្តចិនខេត្តក្វាងទុង និងអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា កម្ពុជា-ចិន ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយសារនីតិវិធីអនុវត្តស្រដៀងគ្នា។

គណៈប្រតិភូចិនបានលើកឡើងថា បក្សកុម្មុយនិស្តចិន ជាបក្សកាន់អំណាច បានប្រកាន់ខ្ជាប់នូវភាពស្អាតស្អំជាប់ជានិច្ច បង្កបរិយាកាសសង្គមឲ្យមានតម្លាភាព មានយន្តការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ដោយមានការត្រួតពិនិត្យពីមន្ត្រីប្រឆាំងអំពើពុករលួយរបស់ខេត្តក្វាងទុង ៦០០នាក់។

តាមដានជាមួយយើង៖ Million Times

គណៈប្រតិភូចិនគូសបញ្ជាក់ថា គ្មានការអត់ឱន បន្តជំរុញខ្លាំងក្លាការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។ ប្រព័ន្ធនយោបាយទាំងមូល ត្រូវធ្វើឲ្យខ្ជាប់ខ្ជួន កែលម្អរបៀបរបប គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដើម្បីឱ្យបុគ្គលម្នាក់ៗមានការជ្រួតជ្រាបពីទំនួលខុសត្រូវរបស់ខ្លួន ដោយមិនចង់ មិនអាច និងមិនហ៊ានពុករលួយ ។

ចំណែកអង្គភាពប្រឆាងអំពើពុករលួយ បានប្រាប់គណៈប្រតិភូចិនពីកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាពដែលមាន ៣ផ្នែកធំៗ គឺ ១.អប់រំ ២.បង្ការ ទប់ស្កាត់ និង ៣.បង្ក្រាបកសាងសំណុំរឿងទៅតុលាការ ដែលផ្នែកទី ១ និងទី២ ជាយន្តការអង្គភាពធ្វើច្រើនរហូតដល់ ៨០ភាគរយ នៃកិច្ចការទាំងមូល ដើម្បីអប់រំមនុស្ស «មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»។ ក្នុងជំនួបដដែលនោះគណៈប្រតិភូចិនលើកឡើងថា ប្រទេសទាំងពីរ មាននីតិវិធីអនុវត្តទៅលើការងារនេះស្រដៀងគ្នា។

បន្ថែមទៀតនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើកិច្ចការផ្លាស់ប្តូរកិច្ចសហការទៅលើការស៊ើបអង្កេត ការប្ដេជ្ញាបង្កើនកិច្ចសហការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសការស្វែងរកអង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយ ដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន និងបានចែករំលែកបទពិសោធ អំពីការអនុវត្តការប្រឆាំងអំពើពុករលួយគ្នាទៅវិញទៅមក។

អង្គភាពប្រឆាំងអំពើពុករលួយ បានកត់សម្គាល់ឃើញថា ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការរឹតចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយភាគីចិន បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកាន់តែល្អបន្ថែមទៀត រវាងក្របខណ្ឌខេត្តក្វាងទុង ជាមួយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ គណៈប្រតិភូចិន ក៏គោរពអញ្ជើញលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចនៅខេត្តក្វាងទុងផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ អង្គភាពប្រឆាំងអំពើពុករលួយ