គម្រោងសន្តិសុខទឹក នឹងត្រូវអនុវត្តក្នុងខេត្តចំនួន ៣ ក្រោមការគាំទ្រពីធនាគារ​ពិភពលោក

គម្រោងសន្តិសុខទឹក នឹងត្រូវអនុវត្តក្នុងខេត្តចំនួន ៣ ក្រោមការគាំទ្រពីធនាគារ​ពិភពលោក

គម្រោងសន្តិសុខទឹកនៅកម្ពុជា ដែលទទួលបានការគាំទ្រពីធនាគារ​ពិភពលោក (WB) នឹងត្រូវចាប់អនុវត្តចាប់ពីចុងឆ្នាំ ២០២៤តទៅ នៅក្នុងខេត្តចំនួន ៣។ នេះបើតាមខ្លឹមសារ ដែលផ្សព្វផ្សាយដោយក្រសួងធនធានទឹក និងនិងឧតុនិយម បន្ទាប់ជំនួបទ្វេភាគីរវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួតលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាង​​កើត ​និងប៉ាស៊ីហ្វិក និងលោក Saroj Kumar Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនតំណាងធនាគារពិភពលោក​ (WB) ថា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹករយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ផែនការទាំងនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយយុទ្ធសាស្រ្ត និងមានផែនការជាក់លាក់ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពមោះមុត និងបញ្ញាញាណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ថោ ជេដ្ឋា បានបន្តថា ផែនការយុទ្ធសាស្រ្តរយៈពេលវែងទាំងនេះ ទាមទារនូវការវិនិយោគពីគ្រប់ដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារ​ពិភពលោក (WB) ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា អាចសម្រេចបានគោលដៅយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ប្រជាជនមានជីវភាពកាន់តែប្រសើរ ព្រមទាំងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេស​ជឿន​លឿន​មួយក្នុងតំបន់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងជំនួបនេះ លោកស្រីអនុប្រធានធានាគារពិភពលោក បានបញ្ជាក់ពីជំហរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តគម្រោងសន្តិសុខទឹក ដែលមានរយៈពេល ៦ឆ្នាំ (២០២៤-២០៣០)។

ជាលទ្ធផលនៃកិច្ចជំនួបជាមួយតំណាងធនាគារពិភពលោក (WB) គម្រោងសន្តិសុខទឹក នឹងត្រូវចាប់អនុវត្តឆាប់ៗចាប់ពីចុងឆ្នាំ ២០២៤ រហូតដល់ឆ្នាំ២០៣០ សម្រាប់ខេត្តមួយចំនួនរួមមាន៖ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ជាដើម ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត និងអាងទឹកមួយចំនួន ដើម្បីធានាសន្តិសុខទឹក និងនិរន្តរភាព នៃការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត។

គម្រោងសន្តិសុខទឹកនេះ ក៏នឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក